វេទិកាដ៏អស្ចារ្យ៖ «ពិព័រណ៍ផលិតផលខ្មែរ» ដែលរៀបចំដោយ ស.ស.យ.ក. នឹងបើកឱកាសសម្រាប់ម្ចាស់សហគ្រាសក្នុងស្រុក ថែមទាំងសម្រួចស្មារតីស្នេហាជាតិក្នុងពេលតែមួយ!
កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាវេទិកាដ៏ធំ និងមានសារៈសំខាន់មួយ ក្នុងការបើកឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញផលិតផលរបស់ខ្លួន ពង្រីកទីផ្សារ ពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក។

លើសពីការតាំងពិព័រណ៍ធម្មតា ប៉ុន្តែនេះជាវេទិកាក្នុងការ ប្រមូលផ្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងម្លាំងប្រដាប់អាវុធ និងជាវេទិកាក្នុងការចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងជាវេទិកាចែក រំលែកពីចំណេះដឹង បទពិសោធ និងទស្សនៈ ដែលបង្កើនការយល់ដឹងពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាផលប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

កម្មវិធីតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃនេះ នឹងមានវេទិកាចែករំលែកបទពិសោធ ចំណេះដឹង និងទស្សនៈ ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន បុគ្គមានមុខមាត់ក្នងសង្គម និងបណ្ដាបណ្ដាបញ្ញវន្តជាច្រើនរូបផងដែរ។ ជាមួយគ្នានេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនឹងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះដូចជា ការសម្ដែងសៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា ការបង្ហាញបសុសត្វ រួមទាំងការជិះរទេះគោ រទេះសេះផងដែរ ដើម្បីផ្ដល់ការកម្សាន្តសប្បាយ និងបង្កបរិយាកាសសប្បាយរីករាយដល់សាធារណជនដែលអញ្ជើញចូលរួមរយៈពេល ៣ ថ្ងៃនេះ។
ដោយឡែកការពិព័រណ៍នេះក៏ជាគន្លងដ៏សំខាន់ក្នុងការជួយជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយដល់ដៃប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ នេះជាកត្តាចម្បងដ៏ចាំបាច់សម្រាប់ពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនសហគ្រាសក្នុងតំបន់ កាត់បន្ថយប្រជាពលរដ្ឋចំណាកស្រុក និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុកឲ្យកាន់តែមានភាពរីកចម្រើន៕











