ប្រធានបទ៖ គន្លឹះក្នុងការថែទាំសុខភាពសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ


ដោយ៖ ផាត់ គឹមឆែ

សុខភាព ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ក្នុងការសម្រេចកិច្ចការស្រាលធ្ងន់នានា។ ជាក់ស្ដែងដូចជាការសិក្សា សិស្ស-និស្សិតគ្រប់រូប ពិសេសនិស្សិតថ្នាក់មហាវិទ្យាល័យ គឺទាមទារឲ្យយកចិត្តទុកដាក់ចំណាយពេលជាច្រើនលើការសិក្សា ស្រាវជ្រាវ និងស្វែងរកចំណេះដឹងថ្មីៗ។ សមត្ថភាពទាំងអស់នេះអាចដំណើរការទៅបាន ក៏អាស្រ័យលើកត្តាសុខភាពជាចម្បង។ កាលបើសុខភាពមិនអំណោយផល នោះសមត្ថភាពខួរក្បាលរបស់អ្នកនឹងមិនទទួលផលល្អឡើយ។ ហេតុនេះ និស្សិតនិស្សិតគ្រប់រូបគួរផ្ដល់ភាពសំខាន់លើបញ្ហាសុខភាព​ ត្រូវចេះពីវិធីថែទាំសុខភាពឲ្យបានល្អ ដើម្បីឲ្យការរៀនសូត្របានល្អប្រសើរ។

ដោយផ្អែកលើការ Live ផ្ទាល់លើ ហ្វេសប៊ុកផេក BRANDMEDIA ក្រោមប្រធានបទ «ការថែទាំសុខភាពពេលរៀនបរិញ្ញាបត្រ»  ដែលមានវាគ្មិនកិត្តិយស កញ្ញា សន ស្រីពេជ្រ ជានិស្សិតអក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្របសម្រួលដោយ លោក សួន កុសល្យ អតីតនិស្សិតដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការថែទាំសុខភាពរបស់កញ្ញា ដែលមាន៦ចំណុចសំខាន់ៗដូចជា៖

១/ អនាម័យម្ហូបអាហារ៖ ជាទូទៅរបបអាហារសំខាន់ណាស់ យើងត្រូវជ្រើសរើសញ៉ាំអាហារណាដែលមានផាសុកភាព មានអនាម័យល្អ មិនប៉ះពាល់ដល់សុខភាព។ គួរតែចំណាយពេលតិចតួចក្នុងការចម្អិនអាហារដោយខ្លួនឯង ដើម្បីប្រាកដចិត្តថាអាហារទាំងនោះមានអនាម័យល្អ និងមានជីវជាតិសម្រាប់រាងកាយរបស់យើង។

២/ ទទួលទានទឹកឲ្យបានច្រើន៖ ទឹកជាសារធាតុដ៏ចាំបាច់ក្នុងការទ្រទ្រង់សារពាង្គកាយ បណ្ដេញជាតិពុលចេញពីក្នុងខ្លួន ថែរក្សាសម្រស់ អារម្មណ៍ស្រស់ស្រាយ និងឲ្យមានកម្លាំងក្នុងការបំពេញកិច្ចការនានា។

៣/ កាត់បន្ថយការញ៉ាំគ្រឿងកំប៉ុង៖ ភេសជ្ជៈ គ្រឿងកំប៉ុង​មិនមានផលល្អចំពោះសុខភាពទេ ព្រោះអាចជាការប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងផលប៉ះពាល់ផ្សេងៗចំពោះសុខភាពដែលអាចបណ្ដាលឲ្យរាំងស្ទះដល់ការសិក្សារៀនសូត្ររបស់យើង។

៤/ សម្រាកឲ្យបានគ្រប់គ្រាន់៖ ជាទូទៅត្រូវសម្រាកឲ្យបាន៨ម៉ោង ទើបល្អចំពោះសុខភាព។ តែចំពោះនិស្សិតដែលមានភាពមមាញឹកខ្លាំងក្នុងការសិក្សា ចូរព្យាយាមសម្រាកឲ្យបាន ៥ ទៅ ​៦ម៉ោងយ៉ាងតិចដើម្បីឲ្យខួរក្បាល និងរាងកាយបានសម្រាកពីកិច្ចការស្មុគស្មាញនានា។

៥/ ការធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ គឺគ្រាន់តែចំណាយ ៥ ទៅ ១០នាទីក្នុងមួយថ្ងៃ ដូចជា ហាត់យោហ្កា ឬក៏សមាធិជាដើម។ ការធ្វើសមាធិមុនចូលគេងនេះ ជាការផ្ដាច់ខ្លួនពីការគិត  ស្រ្តេស មួយរយៈ គឺទុកឲ្យខួរក្បាលបានសម្រាក ធ្វើឲ្យអារម្មណ៍យើងបានស្រឡះនិងស្រស់ស្រាយ ឆាប់គេងលក់។ ធ្វើឲ្យយើងមានកម្លាំងក្នុងការបន្តការងារឬការសិក្សាទៅមុខទៀត។

៦/ កាត់បន្ថយការប្រើគ្រឿងអេឡិតត្រូនិច៖ ការលេងទូរស័ព្ទ កុំព្យូទ័រច្រើនអាចបណ្ដាលឲ្យយើងឈឺក្បាល ប៉ះពាល់ភ្នែក និងសមត្ថភាពគិតរបស់យើង។ ដូចនេះគួរកុំចំណាយពេលច្រើនលើរបស់អស់ទាំងនេះ។ អាចប្ដូរមកជាការអានសៀវភៅ ដើម្បីពង្រីកចំណេះដឹង​ជាការប្រសើរជាង។

និស្សិតគ្រប់រូបគួរអនុវត្តវិធីសាស្ត្រទាំងនេះ ដើម្បីឲ្យការសិក្សា និងរាល់កិច្ចការនានារបស់អ្នកមានប្រសិទ្ធភាព។ ទោះបីជារវល់រៀនយ៉ាងណាក៏ដោយ ក៏ពុំគួរភ្លេចថែទាំសុខភាពនោះទេ ពីព្រោះសុខភាពល្អជាអាទិភាពទីមួយ ដែលជួយអ្នកក្នុងការកំណត់ភាពជោគជ័យនានា។​ សុខភាពមិនល្អ សមត្ថភាពក៏ថមថយទៅតាមនោះដែរ។