|

សម្តេចតេជោ ណែនាំឱ្យសាលានាយទាហាន សាលាពលទាហាននៅតាមបណ្តាភូមិភាគ គួរចាប់ផ្ដើមរៀបចំត្រៀមសម្រាប់ការអនុវត្តកាតព្វកិច្ចយោធា!


ការគូសបញ្ជាក់ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចបានអនុញ្ញាតជូន ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាឱកាសជំនួបនេះ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានសម្តែងនូវអំណរអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់នូវបុព្វសិទ្ធិក្នុងឱកាសដ៏កម្រនេះ អនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធន៍រវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នាផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងកងទ័ពប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ ហើយនេះ ជាផ្នែកមួយដ៏សំខាន់សម្រាប់កងទ័ពកម្ពុជាក្នុងការពង្រឹងសមត្ថភាពនិងបទពិសោធន៍ខ្លួន បន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។

ក្នុងឱកាសនេះ សម្តេចតេជោ បានបន្តកត់សម្គាល់ អំពីសារៈសំខាន់នៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦តទៅ ដូចដែលបានលើកឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី២០ឆ្នាំមុនម្លេះ។ សម្តេចតេជោ បានបន្តថ្លែងថា សាលានាយទាហាន ព្រមទាំងសាលាពលទាហាននៅតាមបណ្តាភូមិភាគនានា គួរត្រូវបានរៀបចំក្នុងកាលៈទេសៈដ៏សមស្របនេះ។

សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាងបង្កើតកងទ័ពរបស់សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ពចាស់មានបទពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ។ សម្តេចតេជោ ក៏បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និងកាលានុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន៕