|

អគ្គលេខាធិការអន្តរសភាអាស៊ាន លើកឡើងថា៖ ប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេច ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន


នេះជាការគូសបញ្ជាក់របស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន ក្នុងដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យជួបសម្ដែងការគួរសមជាមួយនៅល្ងាចថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចពិភាក្សា គំនិតផ្តួចផ្តើមល្អៗជាច្រើន ជាពិសេសគំនិតផ្តួចផ្តើមរបស់កម្ពុជាស្តីពីបណ្ណាល័យឌីជីថលអំពីច្បាប់ ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។ លោកជំទាវបានបន្តថា ដោយផ្អែកលើបទពិសោធល្អរបស់កម្ពុជានេះ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ AIPA បានសម្ពោធ AIPA LYNC ដែលជាបណ្ណាល័យឌីជីថល រួមមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់។

លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរគំរូវីរភាពរបស់សម្តេចតេជោ ដែលបានចែករំលែកនាឱកាសកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ (IPTP) និង មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ជាពិសេសប្រវត្តិតស៊ូរបស់សម្តេច និងធម្មនុញ្ញសន្តិភាពសកលរបស់សម្តេច។ លោកជំទាវ បានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេច នៅតែស្ថិតក្នុងការចងចាំរបស់លោកជំទាវ ហើយនេះ ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន។