គន្លឹះ៧យ៉ាងដើម្បីដោះស្រាយបញ្ហាតានតឹងផ្លូវចិត្តអំទ្បុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩
អត្ថបទ៖ ង៉ុយ សារិកា
បច្ចុប្បន្នយើងឃើញថា ករណីជំងឺកូវីដ១៩ គឺកំពុងរីករាលដាលឆ្លងជាសកលជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ស្របពេលនេះរាជរដ្ឋាភិបាលនៃប្រទេសនីមួយៗកំពុងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតក្នុងការដោះស្រាយបញ្ហាការឆ្លងរាតត្បាតវីរុសកូវីដ១៩នេះ។
នៅក្នុងអំឡុងពេលនេះ វាជារឿងធម្មតាទេដែលលោកអ្នកមានអារម្មណ៍ថាអ្វីៗមានការផ្លាស់ប្តូរ មានអារម្មណ៍តានតឹង សោកសៅ តានតឹងច្របូកច្របល់ ភ័យខ្លាចឬខឹង ផ្តាច់ខ្លួនចេញពីសង្គមចង់នៅស្ងៀមស្ងាត់ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតជាសកលលោករបស់វីរុសកូវីដ១៩។
ដូចដែលលោកអ្នកដឹងស្រាប់ហើយថា បញ្ហានេះធ្វើឲ្យមានផលប៉ះពាល់ជាខ្លាំងនិងខូចខាតផលប្រយោជន៍ជាច្រើនក្នុងសាកលលោកនេះ។ ជាពិសេសចំពោះកុមារយុវជននិងប្រជាពលរដ្ឋទូទៅ។
តើគួរដោះស្រាយភាពតានតឹងឬតំណឹងចិត្តរបស់លោកអ្នកអំឡុងពេលការរីករាលដាលនៃវីរុសកូវីដ១៩ ដោយវិធីសាស្ត្រណា?
ដើម្បីជាការស្វែងរកនូវដំណោះស្រាយដ៏ល្អប្រសើរ BRANDMEDIA បានធ្វើការជួបសម្ភាសន៍ជាមួយអ្នកសិក្សាផ្នែកចិត្តវិទ្យាមួយរូបដែលជានិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញគាត់មានឈ្មោះថា មៀច សុជា។ បច្ចុប្បន្នគាត់គឺជាបុគ្គលិកធ្វើការនៅគ្លីនិកសុខុមាលភាព និងអភិវឌ្ឍកុមារ (Unique child development clinic) ដែលធ្វើការផ្នែកព្យាបាលនិងអប់រំកុមារដែលមានបញ្ហាផ្សេងៗគ្នា។
ជាមួយគ្នានេះផងដែរ អ្នកសិក្សាផ្នែកចិត្តវិទ្យា មៀច សុជា បានបង្ហើបប្រាប់ពីបញ្ហានិងចែករំលែកនូវគន្លឹះមួយចំនួនមកកាន់ BRANDMEDIA ក្នុងកិច្ចសម្ភាសន៍ពីដំណោះស្រាយតានតឹងចិត្តក្នុងអំឡុងពេលកូវីដ១៩ ដូចខាងក្រោមនេះ៖
១/ អនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម។
២/ ដឹងពីអ្វីដែលធ្វើឱ្យអ្នកមានភាពតានតឹងចិត្តក្នុងអំទ្បុងពេលកូវីដ១៩៖ ស្វែងយល់ពីអ្វីដែលធ្វើឱ្យអ្នកមានការតានតឹងចិត្តជាជំហានដំបូងក្នុងការដោះស្រាយការតានតឹងចិត្ត។ កត់ត្រាពេលដែលអ្នកមានអារម្មណ៍តានតឹងក្នុងចិត្ត កត់សម្គាល់អ្វីដែលអ្នកបានធ្វើហើយ តើអ្វីដែលបានជួបនិងអ្វីដែលធ្វើឱ្យការតានតឹងចិត្តរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ កំណត់ទិសដៅ៖ តើបញ្ហាឬការតានតឹងចិត្តមួយណាដែលបាត់ទៅវិញដោយខ្លួនឯង? តើបញ្ហាការតានតឹងចិត្តមួយណាដែលត្រូវដោះស្រាយ?
៣/ ស្នាក់នៅកន្លែងដែលមានផាសុកភាពនិងបរិភោគអាហារឱ្យបានគ្រប់គ្រាន់៖ លោកអ្នកត្រូវតែនៅផ្ទះរក្សារបៀបរស់នៅប្រកបដោយផាសុកភាពល្អរួមមានរបបអាហារត្រឹមត្រូវ ហូបអាហារដែលធ្វើឲ្យមានសុខភាពល្អ (ហូបផ្លែឈើនិងបន្លែឲ្យបាន៥ពណ៌ក្នុងមួយថ្ងៃ ប៉ុន្តែត្រូវក្រិតជាតិស្ករនិងជាតិខ្លាញ់) និងបរិភោគទឹកឱ្យបាន៣លីត្រ/១ថ្ងៃ។
៤/ បច្ចេកទេសសម្រាកចិត្ត-កាយ៖ លំហាត់ដកដង្ហើម លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ លំហាត់ពោលពាក្យផ្ទួនៗ លំហាត់តាំងសមាធិឬធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ លោកអ្នកអាចជ្រើសរើសវិធីសាស្ត្រណាមួយក្នុងចំណោមបច្ចេកទេសខាងលើ ដែលងាយស្រួលសម្រាប់អស់លោកអ្នកអវត្តុន៍នៅផ្ទះដោយខ្លួនឯងក្នុងអំទ្បុងពេលកូវីដ១៩នេះ។ លេងកីឡាណាដែលអ្នកចូលចិត្តនិងអានសៀវភៅដើម្បីអភិវឌ្ឍចំណេះដឹងឬស្តាប់បទភ្លេចដែលធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ។
៥/ កុំប្រើប្រាស់អ្វីដែលនាំឱ្យខូចសុខភាព៖ ហាមជក់បារី ហាមផឹកស្រា ហាមប្រើគ្រឿងញៀនឬប្រើថ្នាំដទៃទៀតដើម្បីដោះស្រាយបញ្ហាអារម្មណ៍របស់អ្នក។ បើលោកអ្នកមានអារម្មណ៍ធុញថប់សូមពិគ្រោះជាមួយបុគ្គលិកសុខាភិបាលឬអ្នកផ្តល់ការប្រឹក្សាពិគ្រោះយោបល់ផ្នែកផ្លូវចិត្តផ្សេងៗ។
៦/ សូមទទួលយកអ្វីដែលជាការពិត៖ សូមប្រមូលព័ត៌មានដែលនឹងជួយវាយតម្លៃហានិភ័យរបស់លោកអ្នកដើម្បីឱ្យលោកអ្នកត្រៀមការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវជាមួយនឹងការស្វែងរកព័ត៌មានដែលមានប្រភពគួរឱ្យទុកចិត្ត។
៧/ ស្វែងរកជំនួយ៖ នៅពេលដែលលោកអ្នកមានអារម្មណ៍តានតឹងខ្លាំងសូមចែករំលែកបញ្ហានេះទៅកាន់មនុស្សដែលអ្នកទុកចិត្តបំផុតអាចជាមនុស្សជាទីស្រលាញ់ មិត្តភក្ដិ ក្រុមគ្រួសារនឹងអាចស្វែងរកជំនួយពីក្រុមគ្រូពេទ្យនិងអ្នកជំនាញដែលពាក់ព័ន្ធ។
ជាចុងក្រោយប្រសិនបើលោកអ្នកមានរោគសញ្ញាដែលទាក់ទងនឹងកូវីដ១៩ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ឬក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
១១៥ ឥតគិតថ្លៃ ឬ ០១២៨២៥៤២៤/០១២៤៨៨៩៨១/០១២៨៣៦៨៦៨
មួយវិញទៀត បើលោកអ្នកត្រូវការសេវាពិគ្រោះយោបល់ពីបញ្ហាផ្លូវចិត្តនានាសម្រាប់កុមារនិងយុវវ័យដោយឥតគិតថ្លៃសូមទំនាក់ទំនងទៅលេខ១២៨០ ឬ Facebook Page: child helpline Cambodia។