|

ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ​ និងក្រសួងសុខាភិបាល ជួបជុំគ្នាដើម្បីពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី«លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល»


នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជុក មុន្នី រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្ដម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពី «លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល»។

អង្គប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញដែលជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិកនៃអនុគណៈកម្មាធិការ និងក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានពិភាក្សាពិគ្រោះយោបល់ទៅលើសេចក្តីព្រាងរបៀបវារៈកម្មវិធីនៃសិក្ខាសាលា ការពិនិត្យលើខ្លឹមសារនៃសេចក្ដីព្រាងព្រះរាជក្រឹត្យ គោលបំណង គោលដៅ និង វិសាលភាព អត្ថន័យនៃជំពូក មាត្រានីមួយៗ និងផ្សេងៗ។

បន្ទាប់ពីបានពិភាក្សាពិគ្រោះយោបល់យ៉ាងផុលផុសពីក្រុមការងារបច្ចេកទេសនៃក្រសួងទាំង២ រួចមក អង្គប្រជុំបានកំណត់ការងារសំខាន់ៗ មួយចំនួនរួមមាន៖(១) គ្រោងរៀបចំសិក្ខាសាលានៅសប្ដាហ៍ទី៤ ខែមីនា ឬសប្ដាហ៍ទី១ ខែមេសា ដោយដាក់ឆ្លងការសម្រេចឯកភាពរបស់ថ្នាក់ដឹកនាំ (២) ឯកភាពលើសេចក្ដីព្រាងរបៀបវារៈ ដែលក្រុមការងារក្រសួងមុខងារសាធារណៈ បានរៀបចំឡើង និងឱ្យក្រុមការងាររបស់ក្រសួងសុខាភិបាល សហការ សម្របសម្រួលជាមួយក្រុមការងារក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសិក្ខាសាលានេះ ឱ្យមានភាពរលូនតាមការគ្រោងទុក (៣) បានពិនិត្យពិភាក្សាកែសម្រួលបន្ថែម និងលុបខ្លឹមសារមួយចំនួន ក្នុងសេចក្តីព្រាងព្រះរាជក្រឹត្យ ដើម្បីឱ្យស្របទៅនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមស្ថានភាពជាក់ស្ដែង និងតាមការតម្រង់ទិសរបស់ថ្នាក់ដឹកនាំ៕