តារាល្បីៗជាច្រើនរូប នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍សាទរកម្ពុជា ដោយមានការសម្ដែងទស្សនីយភាពចម្រុះដ៏អធិកអធម រហូតដល់វេលាឆ្លងឆ្នាំសកល
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងាររៀបចំព្រឹត្តិការណ៍សាទរកម្ពុជា រៀបចំពិធីក្រុងពលី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នាពេលខាងមុខ។ ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង។
«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តេីមឡេីងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយេីង។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាពក្នុងនាមជាខ្មែរក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ជាកម្លាំងជាតិតែមួយ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយដើម្បីកម្ពុជា នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដេីម្បីកម្ពុជា។
ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ ការតុបតែងទាំងនេះនឹងមកនូវទីតាំងដែលរៀបចំដើម្បីរំលឹកដល់បណ្តាល្បែងកំសាន្តប្រជាប្រិយនាទសវត្សទី៩០ (ឧទាហរណ៍ ល្បែងលេងលោតមឹក) ដែលជា តំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ។
នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។
ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល។ កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជា គឺ “ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។ លេីសពីនេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្តក្រុង អ្វីដែលកាន់តែពិសេសក្នុងព្រឹិត្តិការណ៍នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់តារាល្បីៗទូទាំងប្រទេសកម្ពុជាផងដែរ។