កងទ័ពឧទ្ទាមមីយ៉ាន់ម៉ាត្រៀមខ្លួនសម្រាប់ការចរចាជាមួយរបបយោធាដោយមានជំនួយពីចិន
កងទ័ពជនជាតិភាគតិចដែលជាផ្នែកមួយនៃសម្ព័ន្ធភាពឧទ្ទាមទ្រង់ទ្រាយធំដែលប្រយុទ្ធនឹងយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការរៀបចំកិច្ចចរចាជាមួយរបបយោធាបន្ទាប់ពីការប្រយុទ្ធអស់រយៈពេលមួយឆ្នាំនៅតាមព្រំដែនមីយ៉ាន់ម៉ា-ចិន។
សេចក្តីសម្រេចរបស់កងទ័ពរំដោះជាតិតាអុង (TNLA) ដែលបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ កើតឡើងនៅពេលដែលប្រទេសជិតខាងដ៏មានឥទ្ធិពលគឺចិន បានដាក់សម្ពាធលើពួកឧទ្ទាមចំពេលកងយោធាមានការថមថយកម្លាំងយ៉ាងឆាប់រហ័ស។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយអ្នកតំណាងលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi ក្នុងឆ្នាំ ២០២១ ដែលបង្កឱ្យមានចលនាតស៊ូដែលបានចាប់ផ្តើមនៅពេលការតវ៉ាដោយសន្តិវិធី ហើយក្រោយមកបានវិវត្តទៅជាការបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ។
TNLA នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួនបាននិយាយថា ខ្លួនចង់បញ្ឈប់ការវាយប្រហារតាមអាកាសនៃយោធានៅក្នុងតំបន់របស់ខ្លួននៃរដ្ឋ Shan ភាគខាងជើង ហើយបង្ហាញពីបំណងប្រាថ្នាក្នុងការចាប់ផ្ដើមកិច្ចពិភាក្សា និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសចិន។
អ្នកនាំពាក្យ TNLA លោក Lway Yay Oo បាននិយាយថា “ជនស៊ីវិលរបស់យើងកំពុងទទួលរងការវាយប្រហារតាមអាកាស និងជួបការលំបាកផ្សេងៗទៀត។ ដូច្នេះយើងត្រូវរកវិធីដោះស្រាយ” ។
TNLA គឺជាផ្នែកមួយនៃការវាយលុកដែលបានចាប់ផ្តើមកាលពីឆ្នាំមុនហៅថា “ប្រតិបត្តិការ 1027” ដែលត្រូវបានគេដាក់ឈ្មោះតាមកាលបរិច្ឆេទចាប់ផ្តើម និងបានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់មេទ័ពមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហាររបស់ពួកគេ ដែលបណ្តាលឱ្យបាត់បង់ទីក្រុង និងទីតាំងយោធាជាច្រើន។ ដោយឡែក ក្រុមពីរផ្សេងទៀតនៅក្នុងសម្ព័ន្ធភាពគឺកងទ័ព Arakan និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារបាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងនឹងការផ្ទុះសង្រ្គាម និងភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យភាគីទាំងអស់បញ្ឈប់ការប្រយុទ្ធគ្នា និងដោះស្រាយជម្លោះតាមរយៈការសន្ទនា។ អ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា “ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវកិច្ចចរចាសន្តិភាព និងផ្តល់ការគាំទ្រ និងជំនួយឱ្យអស់ពីសមត្ថភាពសម្រាប់ដំណើរការសន្តិភាពនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា”។
គួរកត់សម្គាល់ថា សម្ព័ន្ធឧទ្ទាម ធ្លាប់បានឈានដល់បទឈប់បាញ់កាលពីខែមករា ជាមួយយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចចរចាសម្របសម្រួលជាមួយប្រទេសចិន ប៉ុន្តែកិច្ចព្រមព្រៀងបានដួលរលំនៅក្នុងខែមិថុនា ហើយការប្រយុទ្ធគ្នាបានបន្ត។
ប្រភព៖ Reuters