|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញផ្តល់កិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ ជាការបង្ហាញពីសមិទ្ធផលជាជំហ៊ានៗ លើការអនុវត្តវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ និងបង្ហាញភាពវិជ្ជមាននៃការចូលរួមសហការពីក្រសួង ស្ថាប័នទាំង៩ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័នទាំង៩ ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័នគឺជាដំណេីរការនៃការពិនិត្យមេីលនូវស្ថានភាព សុខភាពរបស់ប្រព័ន្ធរដ្ឋបាលសាធារណ: ហេីយការពិនិត្យស្ថានភាពសុខភាពស្ថាប័ននេះ ធ្វេីឱ្យយេីងអាចមេីលឃេីញអំពីបញ្ហាប្រឈម ហេីយអាចគិតគូរពីវិធានការបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការធ្វេីឱ្យស្ថាប័នរបស់យេីងឱ្យកាន់តែប្រសេីរ។

ឯកឧត្តមបានបន្តថា ស្ថានភាពដែលយេីងមានមកដល់ពេលសព្វថ្ងៃនេះគឺបានសម្រេចនូវសមិទ្ធផលជាច្រេីន ប៉ុន្តែយេីងក៏ត្រូវពិនិត្យឡេីងវិញដេីម្បីឱ្យយេីងអាចនឹងសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ធ្វេីឱ្យស្ថាប័នមានលក្ខណ:កាន់សមស្របឆ្លេីយតបទៅកាន់បរិបទប្រែប្រួលផ្នែកនយោបាយ ប្រែប្រួលផ្នែកសេចកិច្ច ឆ្លេីយតបទៅនឹងការវិវត្តបច្ចេកវិទ្យា ដែលជាការវិវត្តផ្នែកបរិស្ថាន និងការប្រែប្រួលដទៃទៀត ដូចជាបម្រែបម្រួលអាកាសធាតុ និងកត្តាផ្សេងៗ។ លេីសពីនេះថែមទៀត ការពិនិត្យឡេីងវិញគឺដេីម្បីធ្វេីយ៉ាងណាឱ្យរឹតតែមានផលិតភាពខ្ពស់។

គួរបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីរាជការ និងសាធារណជនអំពីគោលដៅនៃការអនុវត្ត «ការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្រោយពេលក្រសួងមុខងារសាធារណៈ បានជួបជាមួយក្រសួង ស្ថាប័នទាំង៩ ដែលបានបញ្ចប់កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។