កូរ៉េខាងត្បូងប្រកាសមិនច្រានចោលការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនឡើយ!


ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និយាយថា អាស្រ័យលើកម្រិតនៃការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមរុស្ស៊ី ទីក្រុងសេអ៊ូល ‘នឹងកែសម្រួលជាបណ្តើរៗ’ នូវយុទ្ធសាស្ត្រគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ប៉ុន្តែកូរ៉េខាងត្បូងមិនបានបដិសេធការផ្តល់អាវុធដោយផ្ទាល់ដល់អ៊ុយក្រែននោះទេ បន្ទាប់ពីកូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពដើម្បីជួយគាំទ្ររុស្ស៊ី។

ការចូលរួមរបស់ទីក្រុងព្យុងយ៉ាងក្នុងជម្លោះនេះ បង្ហាញពីការគំរាមកំហែងដល់ទីក្រុងសេអ៊ូល ខណៈដែលទាហានរបស់រដ្ឋឯកកោមួយនេះ ទទួលបានបទពិសោធន៍ប្រយុទ្ធដែលយោធារបស់ខ្លួនខ្វះខាត ហើយលើសពីនេះទៀត ទទួលបានរង្វាន់ពីទីក្រុងមូស្គូជាមួយនឹងការផ្ទេរបច្ចេកវិទ្យាយោធាដ៏រសើប។ នេះបើតាមអ្វីដែល លោក Yoon បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

លោក Yoon បាននិយាយថា លោកក៏បានពិភាក្សាអំពីប្រទេសកូរ៉េខាងជើងជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការសន្ទនាតាមទូរស័ព្ទផងដែរ។

កូរ៉េខាងត្បូង និងលោកខាងលិចបានចោទប្រកាន់ក្រុងព្យុងយ៉ាងជាយូរមកហើយថាបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងកាំជ្រួចដល់ទីក្រុងមូស្គូសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរបាយការណ៍ចារកម្មពីទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងអង្គការណាតូ បានបង្ហាញថា កូរ៉េខាងជើងបានដាក់ពង្រាយទាហាន ១០,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ី ដែលបង្ហាញពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងជម្លោះនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ការិយាល័យរបស់គាត់នឹងតាមដានការវិវឌ្ឍន៍ដែលកើតឡើងដែលទាក់ទងនឹងប្រតិបត្តិការរបស់ទាហានកូរ៉េខាងជើង ហើយប្រសិនបើយើងបន្តការគាំទ្រសព្វាវុធយើងនឹងផ្តល់អាទិភាពលើអាវុធការពារជាការពិចារណាដំបូង»។

បើប្រៀបធៀបជាមួយលោក Moon Jae-in ដែលជាអ្នកស្នងតំណែងមុនរបស់គាត់ លោក Yoon បានប្រកាន់ជំហរតឹងតែងជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអែរ ខណៈពេលដែលវាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសន្តិសុខទីក្រុងវ៉ាស៊ីនតោន។

ប្រភព៖ Aljazeera