បទពិសោធន៍ជាក់ស្តែង៖ អត្ថប្រយោជន៍នៃការសិក្សានៅក្រៅប្រទេស
អ្នកសិក្សាទាំងឡាយប្រហែលជាធ្លាប់បានឮទាក់ទិននឹងការសិក្សានៅឯក្រៅប្រទេស។ ការក្រេបជញ្ជក់ចំណេះដឹងនៅឯបរទេស ប្រហែលជាយើងអាចនិយាយបានថា ជាបទពិសោធន៍មួយដែលមានប្រយោជន៍បំផុតសម្រាប់និស្សិតគ្រប់កម្រិត ឬជាបទពិសោធន៍ផ្លាស់ប្តូរជីវិតដែលមិនអាចបំភ្លេចបាននៅក្នុងអាជីពសិក្សា តាមរយៈការចាប់យកចំណេះដឹងថ្មីៗ ភាពទាក់ទាញជាវិជ្ជមាន និងវប្បធម៌នៃទឹកដីថ្មីនោះជាដើម។
ដើម្បីចូលរួមចែករំលែកជាទស្សនទានជូនប្អូនៗជាសិស្ស និស្សិត និងបងៗអ្នកសិក្សាស្រាវជ្រាវទាំងអស់នូវព័ត៌មានទូទៅ ក៏ដូចជារឿងរ៉ាវផ្សេងៗដែលយើងគួរតែដឹង និងស្វែងយល់មុននឹងសម្រេចចិត្តបន្តការសិក្សានៅក្រៅប្រទេស ក្រុមសារព័ត៌មាន BRANDMEDIA សូមធ្វើការសម្ភាសតាមបែបគន្លងថ្មីជាមួយនឹងអតីតនិស្សិតអាហារូបករណ៍ស្រអែមស្រស់ម្នាក់។
អាចនិយាយបានថា គាត់ជាអតីតនិស្សិតម្នាក់ដែលមានបទពិសោធន៍ជោគជាំក្នុងជីវិតសិក្សា ហែលឆ្លងនូវឧបសគ្គតូចធំជាច្រើនលើវិថីអប់រំទាំងក្នុង និងក្រៅប្រទេស រួមមាន៖ ការប្រកួតប្រជែង កម្មវិធីផ្លាស់ប្តូរការសិក្សា និងការបញ្ចប់ថ្នាក់អនុបណ្ឌិត។
លោក សិទ្ធី រត្នដារាវុធ ដែលមានទីកន្លែងកំណើតស្ថិតនៅក្នុងរាជធានីភ្នំពេញរូបនេះ បានឱ្យដឹងអំពីការអភិវឌ្ឍន៍ខ្លួនរបស់លោក បន្ទាប់ពីលោកទទួលបានអាហារូបករណ៍ទៅសិក្សានៅចក្រភពអង់គ្លេសថា៖ “បើនិយាយអំពី៖ តើការសិក្សានៅទីនោះ បានអភិវឌ្ឍខ្ញុំបន្ថែមយ៉ាងណានោះ ចំពោះខ្ញុំ ខ្ញុំអាចបែងចែកអត្ថប្រយោជន៍ទាំងនោះជាបីធំៗគឺ៖ ទី១). ចំណេះដឹង (Knowledge), ទី២). ជំនាញទំនាក់ទំនងពហុវប្បធម៌ (Cross-cultural communication skills), និងទី៣). បំណិនជីវិត (Life Skills)។”
អតីតនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Warwick នៃចក្រភពអង់គ្លេសរូបនេះបន្តថា៖ “ចំពោះចំណេះដឹងដែលទទួលបានពីការសិក្សានៅបរទេស វាជួយឱ្យបញ្ញាស្មារតី និងការត្រិះរិះរបស់ខ្ញុំមានការរីកចម្រើនជាងមុន។ ជាពិសេស នៅទីនោះ បរិយាកាសសិក្សានៅក្នុងចក្រភពអង់គ្លេសបានផ្តល់ឱ្យខ្ញុំនូវសេរីភាពពេញលេញមួយក្នុងការចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជាមួយនឹងនិស្សិតមកពីបណ្តាប្រទេសផ្សេងៗ ជាមួយនឹងសាស្ត្រាចារ្យ ទាំងក្នុងថ្នាក់រៀន និងសិក្ខាសាលាជាដើម។ ក្នុងន័យនេះ មិនថាក្នុងបរិបទស្រាវជ្រាវ ឬកិច្ចការសាលាផ្សេងៗ ខ្ញុំមិនត្រឹមតែទទួលបាននូវគំនិតស្នូលចេញពីសៀវភៅ ឬតាមរយៈសាស្ត្រាចារ្យប៉ុណ្ណោះទេ វាថែមទាំងជាវិធីសាស្ត្រអប់រំមួយដែលអាចឱ្យបទពិសោធន៍ជីវិតរបស់អ្នកសិក្សាអាចសម្របទៅបានគ្រប់កាលៈទេសៈ។”
“ចំពោះជំនាញវិញ ខ្ញុំជឿជាក់ថា អត្ថប្រយោជន៍ដែលខ្ញុំបានទទួលពីការសិក្សានៅបរទេសនោះគឺ របៀបនៃការរស់នៅ និងជំនាញទំនាក់ទំនងពហុវប្បធម៌។ ជាក់ស្តែង ដោយសារសាកលវិទ្យាល័យដែលខ្ញុំសិក្សា ប្រជុំទៅដោយបរិយាកាសចម្រុះ ដែលមាននិស្សិត និងសាស្ត្រាចារ្យគ្រប់ជាតិសាសន៍ មានន័យថា ខ្ញុំអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងនិស្សិតដទៃទៀតចម្រុះជាតិសាសន៍ មកពី៖ ជុំវិញតំបន់អាស៊ី អ៊ឺរ៉ុប អាហ្វ្រិក និងសញ្ញាតិជាច្រើនទៀត។ ផ្អែកទៅលើបទពិសោធន៍នៃការប្រាស្រ័យទាក់ទងជាមួយពួកគាត់ ខ្ញុំអាចរៀនសូត្រអំពីវប្បធម៌ និងការប្រើប្រាស់ភាសារបស់ពួកគាត់ អាចស្វែងយល់អំពីបំណិនជីវិត និងទុកកង្វល់ផ្សេងៗដែលពួកគាត់បានប្រឈមនៅទីនោះផងដែរ។”
“ជារួម ក្នុងចំណោមជំនាញទាំងនេះ អ្វីដែលធ្វើឱ្យខ្ញុំពុំអាចកាត់ថ្លៃបាននោះ គឺបំណិនជីវិត។ បំណិនជីវិតត្រង់នេះសំដៅទៅលើ ការចម្អិនម្ហូប ការគ្រប់គ្រងពេលវេលា ដំណើរកម្សាន្ត ការគ្រប់គ្រងថវិកាផ្ទាល់ខ្លួន ការថែរក្សាសុវត្ថិភាព និងសុខភាពខ្លួនឯង និងសកម្មភាពសំខាន់ៗដទៃទៀត។ រំលឹកទៅកាន់ការសិក្សានៅទីនោះ ខ្ញុំបានស្នាក់នៅជាមួយនឹងមិត្តភក្តិដទៃទៀតដែលពួកគេមកពីតំបន់ផ្សេងគ្នា ហើយមានវប្បធម៌ទីទៃពីគ្នា ពេលនោះខ្ញុំបានអភិវឌ្ឍភាពចាស់ទុំរបស់ខ្ញុំបានមួយកម្រិតទៀត ពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងមនុស្សជុំវិញខ្លួន ក៏ដូចជាស្វែងយល់កាន់តែច្បាស់តាមរយៈការរស់នៅជាមួយនឹងមនុស្សដែលមានទម្លាប់ និងចំណង់ចំណូលដោយឡែកពីគ្នា។ អ្វីដែលកាន់តែពិសេសនោះ វាបានអភិវឌ្ឍខ្លួនខ្ញុំឱ្យចេះរៀនរស់នៅដោយខ្លួនឯងប្រកបដោយឯករាជ្យភាព” លោក សិទ្ធី រត្នដារាវុធ បន្តយ៉ាងដូច្នេះ។
ទាក់ទិននឹងការដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស លោក សិទ្ធី រត្នដារាវុធបានចែករំលែកបន្តយ៉ាងដូច្នេះថា៖ “ឱកាសដើម្បីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស ពិតណាស់ថាវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏យើងមិនគួរបោះបង់ភ្លាមៗនោះដែរ។ តាមបទពិសោធន៍ មុននឹងខ្ញុំសម្រេចចិត្តដាក់ពាក្យស្នើសុំអាហារូបករណ៍ ខ្ញុំបានពង្រឹងលើការប្រើប្រាស់ភាសាអង់គ្លេស ព្យាយាមសន្សំពិន្ទុ និងចំណាត់ថ្នាក់នៅពេលរៀនបរិញ្ញាបត្រឱ្យបានល្អ ស្វែងរកការងារស្ម័គ្រចិត្តនៅតាមគ្រឹះស្ថាន ឬស្ថាប័នផ្សេងៗក្នុងរយៈពេលណាមួយ ធ្វើការក្នុងវិស័យពាក់ព័ន្ធជំនាញរបស់យើង និងរៀបចំផែនការជីវិត និងសិក្សាឱ្យបានត្រឹមត្រូវជាដើម។ មួយវិញទៀត អ្វីដែលសំខាន់ គឺការស្តាប់ការណែនាំ និងបទពិសោធន៍ផ្សេងៗពីលោកគ្រូអ្នកគ្រូ សិស្សច្បង និងមិត្តភក្តិជាដើម។ ទាំងនេះបញ្ជាក់ថា វាពិតជាត្រូវការពេលវេលា និងការព្យាយាម ប៉ុន្តែត្រូវចាំថា យើងត្រូវតែតស៊ូជម្នះ និងផ្តោតអារម្មណ៍ឱ្យបានល្អក្នុងដំណាក់កាលនីមួយៗ។ យើងត្រូវចងចាំថា យើងកំពុងតែរៀនពីដំណាក់កាលរៀបចំ និងដំណើរការដាក់ពាក្យ ដែលពេលនោះយើងអាចស្វែងយល់ និងរៀនសូត្របន្ថែមពីកំហុស និងការបរាជ័យរបស់យើង ឈានទៅរកលទ្ធផលសមប្រកបមួយនាថ្ងៃមុខ។”
មុននឹងបញ្ចប់ការសម្ភាសន៍តាមបែបគន្លងថ្មី លោក សិទ្ធី រត្នដារាវុធ បានផ្តាំផ្ញើទៅកាន់ប្អូនៗជាសិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវដែលមានបំណងចង់បន្តការសិក្សានៅឯក្រៅប្រទេសថា៖ “ក្នុងនាមខ្ញុំបាទជាយុវជន ក៏ដូចជាសិស្សច្បងម្នាក់ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកជំនាន់ក្រោយ ពិសេសប្អូនៗក្មេងៗ គួរតែបន្ថែមការខិតខំប្រឹងប្រែង និងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការសម្រេចកិច្ចការអ្វីមួយ យ៉ាងហោចណាស់អាចមានឱកាសទៅចូលរួមក្នុងវគ្គសិក្សាណាមួយនៅឯបរទេស។ គុណសម្បត្តិនៃការសិក្សានៅក្រៅប្រទេស មានច្រើនជាងអ្វីដែលខ្ញុំបានសង្ខេបត្រួសៗខាងលើ ហើយបទពិសោធន៍ល្អៗទាំងនោះក៏ខុសគ្នាទៅតាមបុគ្គលអ្នកសិក្សាខ្លួនឯងផងដែរ។ ជាចុងក្រោយនេះ ខ្ញុំមានសម្រង់សម្តីដ៏មានអត្ថន័យមួយពីអ្នកនិពន្ធដ៏ល្បីល្បាញ និងជាអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងគឺលោក Nelson Mandela។ គាត់បានលើកឡើងថា៖ ‘It always seems impossible until it is done’ ដែលវាអាចមានន័យជាភាសាខ្មែរយើងថា៖ កុំទាន់អាលនិយាយថា វាមិនអាចទៅរួចទេ បើយើងមិនទាន់ធ្វើវារួចរាល់។”
គួរបញ្ជាក់ផងដែរថា លោក សិទ្ធី រត្នដារាវុធ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគោលនយោបាយសាធារណៈ ឆ្នាំសិក្សា ២០១៩-២០២០ នៅសាកលវិទ្យាល័យ Warwick នៃចក្រភពអង់គ្លេស តាមរយៈអាហារូបករណ៍ Chevening៕