ក្រសួងអប់រំ នឹងបន្តវាយតម្លៃសាលារៀនចំនួន ១៣០ទៀត ឱ្យប្រែក្លាយជាសាលារៀនគំរូនៅឆ្នាំនេះ ដែលគ្រោងនឹងប្រកាស ក្នុងសន្និបាតអប់រំឆ្នាំ២០២៥ ខាងមុខ
នេះជាការថ្លែងឱ្យដឹងពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មានមុំ២ សំខាន់ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី៥ គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រឌីជីថល។
ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញរបៀបវារៈ កំណែទម្រង់វិស័យអប់រំ ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៣ កំណែទម្រង់សាលារៀន និងបច្ចុប្បន្នបាននិងកំពុងអនុវត្តស្តង់ដាសាលារៀនគំរូ ដោយជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូ ចំនួន ៥ រួមមាន (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។
ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងចក្ខុវិស័យកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ វិធានគន្លឹះ៤ ៖ (ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ (ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យសុខភាពចំណីអាហារនៅតាមសាលារៀន (ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ ជាមួយនេះដែរ ក្រសួងបានដាក់ចេញនូវរបៀបវារៈកំណែទម្រង់សាលាគរុកោសល្យ ដែលក្នុងនោះ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគរុកោលស្យ លើកកម្ពស់គុណវុឌ្ឍិ និងតួនាទីគ្រូបង្រៀន តាមរយៈការកែលម្អគោលនយោបាយគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស ជំរុញឱ្យមានការទទួលស្គាល់ និងផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងបន្តវាយតម្លៃសាលារៀនចំនួន ១៣០ទៀត ឱ្យប្រែក្លាយជាសាលារៀនគំរូ ដែលគ្រោងនឹងប្រកាស ក្នុងសន្និបាតអប់រំឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីបានអនុម័តសាលារៀនគំរូចំនួន១២០ នាឆ្នាំកន្លងទៅ ដូច្នេះសរុបនឹងមានសាលារៀនគំរូចំនួន ២៣០នៅឆ្នាំក្រោយ។ គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជំរុញឱ្យគ្រប់ខេត្តត្រូវតែមានសាលារៀនគំរូ និងសម្រេចឱ្យបានយ៉ាងហោចណាស់ចំនួន៥០០ ទៅ១០០០សាលាគំរូ ក្នុងអាណត្តិទី៧ និងបន្តលើកទឹកចិត្តឱ្យមានការរៀនពេញមួយថ្ងៃ៕
ប្រភព៖ MoEYS