នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ បង្ហាញចំណាប់អារម្មណ៍ចូលរួមលើកិច្ចការសំខាន់ក្នុងវិស័យអប់រំនៅកម្ពុជា
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ និងលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងថ្មីជា Country Manager នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។
ក្នុងឱកាសនេះដែរ លោកជំទាវ Mariam J.Sherman បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការអនុវត្តសកម្មភាពស្នូលនៃគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោកដែលក្នុងនោះរួមមាន (១) ការអនុវត្តស្តង់ដាសាលារៀនគំរូ (២) កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន (៣) អភិបាលកិច្ចក្នុងវិស័យអប់រំ និង (៤) កំណែទម្រង់នៅក្នុងអនុវិស័យឧត្តមសិក្សា។ បន្ថែមពីនេះ លោកស្រី នាយិកា ក៏បានលើកឡើងពីគម្រោងអប់រំមូលដ្ឋាន (Basic Education) នាពេលថ្មីៗនេះ ដើម្បីជជែកពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ពិសេសគឺវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស និងគូសបញ្ជាក់ថា គម្រោងការអប់រំមូលដ្ឋាន (Basic Education) ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងដើម្បី៖ (១). ការធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ (TTCs) សម្រាប់គម្រោងការអប់រំមូលដ្ឋាន ដើម្បីផ្តល់នូវការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលរួមមានទាំងការពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗ (២). លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដោយការពង្រឹងនូវគុណភាពនៃពេលវេលាសិក្សា សុខភាព សុខុមាលភាពរបស់សិស្ស ក៏ដូចជាផ្តល់បរិយាកាសសិក្សាដ៏ល្អមួយសម្រាប់សិស្ស និង(៣). ការកែលម្អអភិបាលកិច្ចតាមវិស័យដោយការបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធ HRMIS ឱ្យមានគុណភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពកែលម្អគោលនយោបាយគ្រូបង្រៀន៕
MoEYS