|

រុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យកុមារដ៏ធំបំផុតក្នុងទីក្រុង Kyiv ខណៈអ៊ុយក្រែនចាត់ទុកថានេះជាអំពើប្រល័យពូជសាសន៍


មន្ទីរពេទ្យកុមារ Ohmatdyt ដែលជាកន្លែងព្យាបាលកុមារដ៏ធំបំផុតរបស់អ៊ុយក្រែន បានទទួលការបំផ្លិចបំផ្លាញដ៏ធំក្នុងអំឡុងពេលការវាយប្រហាររបស់រុស្ស៊ី។ ប្រធានបុគ្គលិករបស់ប្រធានាធិបតី Volodymyr Zelensky លោក Andriy Yermak បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន៣៦ នាក់បានស្លាប់ និង១៤០ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។

យ៉ាងណាមិញ រុស្ស៊ី បានបដិសេធថាខ្លួនមិនបាន កំណត់គោលដៅវាយប្រហារលើមន្ទីរពេទ្យកុមារនោះទេ ដោយនិយាយថា មន្ទីពេទ្យនេះត្រូវបានវាយប្រហារដោយបំណែកនៃកាំជ្រួចការពារដែនអាកាសរបស់អ៊ុយក្រែនខណៈអ៊ុយក្រែនបាននិយាយថា ខ្លួនបានរកឃើញសំណល់នៃកាំជ្រួចរបស់រុស្ស៊ី។

វេជ្ជបណ្ឌិត Lesia Lysytsia នៅឯមន្ទីរពេទ្យបានឱ្យដឹងថា ពេលដែលកាំជ្រួចបានវាយប្រហារគឺ “ដូចនៅក្នុងខ្សែភាពយន្ត” ជាមួយនឹង “ពន្លឺដ៏ធំ បន្ទាប់មកជាសំឡេងដ៏អាក្រក់” ។ នាងបាននិយាយថា “ផ្នែកមួយនៃមន្ទីរពេទ្យត្រូវបានបំផ្លាញ ដោយមានភ្លើងឆេះ និងមានកាតខូចខាតប្រហែលជា ៦០-៧០% នៃមន្ទីរពេទ្យ”។

វេជ្ជបណ្ឌិត Lysytsia បន្តថា “ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណើរការជម្លៀសអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។ មន្ត្រីមន្ទីរពេទ្យបានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា កុមារប្រហែល ២០ នាក់កំពុងត្រូវបានព្យាបាលនៅក្នុងអំឡុងពេលនៃការវាយប្រហារ។

អភិបាលក្រុង Klitschko បានចោទប្រកាន់រុស្ស៊ីពីបទប៉ុនប៉ង “ប្រល័យពូជសាសន៍នៃប្រជាជននៅអ៊ុយក្រែន” ។
លោកបាននិយាយថា “ឥឡូវនេះពិភពលោកទាំងមូលអាចមើលឃើញពីរបៀបដែលមីស៊ីលរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើក Kamikaze បានសម្លាប់ពលរដ្ឋអ៊ុយក្រែននៅក្នុងទីក្រុងសន្តិភាពរបស់យើង” ។ លោកអភិបាលក្រុងបានបន្ថែមថា មន្ទីរពេទ្យសម្ភពដាច់ដោយឡែកមួយនៅក្នុងស្រុក Dniprovsky នៃទីក្រុង Kyiv ក៏ត្រូវបានបំផ្លាញដោយផ្នែកផងដែរដោយកំទេចកំទីដែលបានធ្លាក់ចុះដោយបានសម្លាប់មនុស្សប្រាំពីរនាក់។

ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យរបស់លោក Stephane Dujarric បាននិយាយថា “ការវាយប្រហារដោយផ្ទាល់ទៅលើជនស៊ីវិល និងវត្ថុស៊ីវិលត្រូវបានហាមឃាត់ដោយច្បាប់មនុស្សធម៌អន្តរជាតិ ហើយការវាយប្រហារបែបនេះមិនអាចទទួលយកបាន ហើយត្រូវតែបញ្ចប់ភ្លាមៗ”។

ប្រភព៖ BBC