|

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស គឺនៅតែលើកលែងពន្ធសម្រាប់ដីកសិកម្មរបស់ប្រជាពលរដ្ឋ


ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។សម្តេចធិបតី បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស គឺនៅតែលើកលែងពន្ធសម្រាប់ដីកសិកម្មរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១ ខែកក្កដា ដើម្បីប្រារព្ធទិវាមច្ឆជាតិជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃ និងដើម្បីឱ្យត្រីមេពូជទាំងឡាយបន្តពូជ ពងកូន និងរីកធំធាត់។