|

អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ឱ្យបានចំនួន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ


ថ្លែងក្នុងពិធីដាំដើមឈើប្រភេទ ឈើលឿងរាជ ចំនួន ២២២ដើម ក្នុងគម្រោង ធី-ដើមឈើសម្រាប់ជីវិត (Project T-Trees For Life) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជាលោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤នៅក្នុងភូមិសាស្ត្រភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប ដោយមានចូលរួមពីតំណាងមន្ទីរ-អង្គភាព ប្រធានគម្រោង និង ចៅសង្កាត់ មេភូមិ ប្រជាការពារ ព្រមទាំងសិស្សានុសិស្សផងដែរ ។

លោក យុន លីនណេ បានបង្ហាញភាពជឿជាក់ថា អាជ្ញាធរខេត្តនឹងសហការជាមួយភាគីពាក់ព័ន្ឋ នឹងដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឲ្យបាន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ព្រោះថាព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័ត កម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ទន្ទឹមនេះ ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើង នៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុនិងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។ លោកអភិបាលរងខេត្ត បានបន្ថែមថា ចំពោះកូនឈើ ដែលបានដាំរួចនាពេលនេះសូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតនៅទីតាំងនេះ ចូលរួមថែរក្សាឱ្យបានជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ ។

លោក យុន លីនណេ បញ្ជាក់ទៀតថា ការដាំដើមឈើ នាពេលនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ លើសពីនេះក៏ បានបង្ហាញឲ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់មជ្ឈដ្ឋាន ដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះជាកាតព្វកិច្ចដ៏ចំបង ផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅ ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាបរបស់យើង។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប ក្រុមហ៊ុនឯកជន និងអង្គការដៃគូនានាបាននាំគ្នាចូលរួមដាំដើមឈើលឿងរាជចំនួន២២២ដើម ចាប់ពីផ្លូវក្រោយវត្តពោធិ៍លង្ការ រហូតដល់ផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ស្លរក្រាមក្រុងសៀមរាប ដែលកម្មវិធីនេះស្ថិតក្នុងគម្រោង-ធី៖ដើមឈើសម្រាប់ជីវិត(Project T-for Life)របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្រោមគោលបំណងដើម្បីបង្កើនសម្រស់និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងបៃតង៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ Popular magazine