|

សិង្ហបុរីជាប់ឈ្មោះជាទីក្រុងថ្លៃបំផុតទីពីររបស់ពិភពលោកសម្រាប់ជនបរទេស


នៅក្នុងការស្ទង់មតិតម្លៃនៃការរស់នៅក្នុងឆ្នាំនេះដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិក Mercer បានបង្ហាញថា ប្រទេសសិង្ហបុរីបានក្លាយជាទីក្រុងថ្លៃបំផុតទីពីរនៅលើពិភពលោកសម្រាប់ជនបរទេស បន្ទាប់ពីទីក្រុងហុងកុង និងតាមពីក្រោយដោយទីក្រុងចំនួនបួនក្នុងប្រទេសស្វីសរួមមាន៖ ហ្ស៊ឺរិច ហ្សឺណែវ បាសែល និងប៊ែន។

ការស្ទង់មតិដែលបានប្រៀបធៀបការចំណាយជាង ២០០ មុខនៅក្នុងទីក្រុងនីមួយៗដែលបានសិក្សា រួមមានទាំងលំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សម្លៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្ត។

យោងតាមក្រុមហ៊ុន Mercer ការកើនឡើងតម្លៃលំនៅឋាន អតិផរណា និងការកើនឡើងថ្លៃដើមដឹកជញ្ជូន ទំនិញ និងសេវាកម្ម គឺជាមូលហេតុដែលតម្លៃនៃការរស់នៅក្នុងទីក្រុងលំដាប់កំពូលៗមានកម្រិតខ្ពស់ជាពិសេស។

ដោយឡែក សម្រាប់ទីក្រុងថោកបំផុតទាំង ១០ នៅលើពិភពលោកគឺបានទៅលើ Abuja និង Lagos ក្នុងប្រទេសនីហ្សេរីយ៉ា ទីក្រុង Islamabad និង Karachi ក្នុងប្រទេសប៉ាគីស្ថាន; Bishkek នៅ Kyrgyzstan; Blantyrein នៅក្នុងប្រទេសម៉ាឡាវី; Dushanbe នៅតាជីគីស្ថាន; Durban នៅអាហ្វ្រិកខាងត្បូង; Windhoek នៅ Namibia និង Havana ក្នុងប្រទេសគុយបា។

ប្រភព៖ VN express