|

លោក ទីវ តារារិទ្ធិ អ្នកផ្សងព្រេងឯករាជ្យនឹងជិះកង់ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា


«កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» “Travel with Rith – Travel the World by Bicycle” ដោយ លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យក្នុងការបង្កើតនូវគម្រោងកម្មវិធីជិះកង់ ដើម្បីសប្បុរសធម៌សម្រាប់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា ទទួលបានការគាំទ្រពីក្រសួងព័ត៌មាន ដោយនៅថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រសួងបានរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយពី «កម្មវិធី ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» ក្នុងសាលសាវនាការវាំងឈើ នៃទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក ទីវ តារារិទ្ធិ នឹងចាប់ផ្ដើមចេញដំណើរពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ខណៈដែលនេះគឺជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅ។

សម្រាប់បេសកកម្មថ្មីរបស់លោក ទីវ តារារិទ្ធិ លោកនឹងធ្វើ ដំណើរឆ្លងកាត់ ២៥ ប្រទេស ក្នុងរយៈពេលពេញមួយឆ្នាំដែលមានចម្ងាយប្រមាណ ២ម៉ឺនគីឡូម៉ែត្រពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។