សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា សម្រេចបាននូវការបណ្តុះបណ្តាលនិស្សិតជាមួយអត្រាមានការងារខ្ពស់រហូតដល់ ៩៦%
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ចំណេះដឹង និងសីលធម៌ខ្ពស់ ជាមួយអត្រាមានការងារខ្ពស់រហូតដល់ ៩៦% និង ៤% ទៀតបន្តការសិក្សាទាំងការអភិវឌ្ឍកម្មវិធីសិក្សាដោយផ្តោតលើការអនុវត្តការងារជាក់ស្តែង និងបំណិនសតវត្សទី២១។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលើការបង្កើត “មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍” សម្រាប់ការគាំទ្រដល់ការបោះពុម្ភស្នាដៃ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះធុរកិច្ចថ្មី និងការធ្វើទំនើបកម្មនៃកម្មវិធីសិក្សា និង”មជ្ឈមណ្ឌលការងារ (AUB Career Center)” សម្រាប់ជួយស្វែងរកឱកាសការងារជូននិស្សិត ព្រមទាំងការខិតខំធ្វើ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យក្នុងតំបន់ និងអន្តរជាតិផងដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត AI ក្នុងការសិក្សារៀនសូត្រ ដូចជាការឆ្លើយតបទៅតាមតម្រូវការរបស់សិស្សនីមួយៗ និងចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់សិស្ស។ ក្រៅពីនេះ បញ្ញាសិប្បនិម្មិត ក៏អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសាស្ត្រាចារ្យ អាចរៀបចំជាប្រព័ន្ធធ្វើតេស្ត ប្រព័ន្ធវាយតម្លៃការសិក្សាដែលមានលក្ខណៈស្វ័យប្រវត្តិ ជួយកាត់បន្ថយការងាររបស់គ្រូបង្រៀន ដើម្បីឱ្យគ្រូបង្រៀនផ្តោតលើការជួយគាំទ្រ និងទំនាក់ទំនងជាមួយសិស្សផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ឆ្ពោះទៅរកការសិក្សាពេញមួយជីវិត នូវបំណិនក្នុងយុគសម័យថ្មីនៃសតវត្សទី២១។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនាថ្ងៃនេះគឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ជីវិតនៃការសិក្សារបស់សិស្សនិស្សិត គឺត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតសិក្សា និងនៅកន្លែងការងារបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត ឬក៏អាចនិយាយម្យ៉ាងទៀតថាគ្មានទេទីបញ្ចប់នៃការសិក្សា។
ប្រភព៖ MoEYS