|

ឯកឧត្តម នួន ផារ័ត្ន ចែករំលែកគោលនយោបាយអភិវឌ្ឍន៍ទីក្រុងឆ្លាត ក្នុងវេទិកាស្តីពីនវានុវត្តន៍សម្រាប់ការអភិវឌ្ឍទីក្រុង នៅទីក្រុង Lausanne ប្រទេសស្វីស


នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំ នៃសន្និបាតសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ទីក្រុង Lausanne ប្រទេសស្វីស។

ក្នុងនាមជាតំណាងរាជធានីភ្នំពេញ ឯកឧត្តមបានបានចែករំលែកនូវគោលនយោបាយអភិវឌ្ឍន៍ទីក្រុងឆ្លាត ប្រកបដោយនិរន្តរភាពរបស់ភ្នំពេញ ក្នុងវេទិកាស្តីពីនវានុវត្តន៍សម្រាប់ការអភិវឌ្ឍទីក្រុង ជូនដល់បណ្តាទីក្រុងនានាជាសមាជិកបណ្តាញ។

សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង។ ជាមួយគ្នានេះ AIMF ក៏ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលផងដែរ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយជាសមាជិកការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា សមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម ក្នុងនោះរាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅការិយាល័យអចិន្ត្រៃយ៍នេះ៕

ប្រភព៖ NUON Pharat-នួន ផារ័ត្ន