អភិបាលរងរាជធានីភ្នំពេញ បង្ហើបពីកិច្ចសហការរវាងទីក្រុងភ្នំពេញ ជាមួយបណ្ដាញទីក្រុង (CityNet)!
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលជួបពិភាក្សាការងារជាមួយលោក Jeong-kee Kim នាយកប្រតិបត្តិ និងជាអគ្គលេខាធិការរង នៃលេខាធិការដ្ឋានបណ្តាញទីក្រុង ( CityNet) នៅសាលារាជធានីភ្នំពេញ។
ជំនួបនាឱកាសនេះត្រូវបានធ្វើឡើង ដើម្បីពិភាក្សាសម្រាប់កិច្ចសហការរវាងទីក្រុងភ្នំពេញ និងបណ្ដាញទីក្រុង (City Net) នាពេលខាងមុខ។
បណ្ដាញទីក្រុង (CityNet) គឺជាសមាគមដ៏ធំបំផុតនៃអ្នកពាក់ព័ន្ធនៅទីក្រុង ដែលបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បណ្ដាញទីក្រុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ ដោយមានការគាំទ្រពី UNESCAP, UNDP និង UN-Habitat បណ្តាញនៃទីក្រុងបានរីកចម្រើនដោយរួមបញ្ចូលក្រុង អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងមជ្ឈមណ្ឌលស្រាវជ្រាវជាង១៦០។
បណ្ដាញទីក្រុង បង្កើតឡើងដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសនៃទីក្រុងជាសមាជិក ក៏ដូចជាសមាជិកសហការីក្នុងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមក្នុងទីក្រុង តាមរយៈកម្មវិធីពង្រឹងសមត្ថភាព បង្កើតទីក្រុងប្រកបដោយនិរន្តរភាព និងធន់ និងចូលរួមជាមួយអ្នកដឹកនាំទីក្រុង និងអ្នកពាក់ព័ន្ធក្នុងទីក្រុង តាមរយៈសកម្មភាពកសាងសមត្ថភាពតាមមូលដ្ឋាន និងតាមតម្រូវការ៕
ប្រភព៖ Nuon pharath, Citynet