មានអ្វីកើតឡើង? ប្រទេសកូរ៉េខាងជើងបានលួចចូលអ៊ីមែលផ្ទាល់ខ្លួនរបស់ជំនួយការប្រធានាធិបតីកូរ៉េខាងត្បូង


ការបំពាននេះបានកើតឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Yoon Suk Yeol ទៅកាន់ចក្រភពអង់គ្លេសកាលពីខែវិច្ឆិកាឆ្នាំមុន។ កាសែតក្នុងស្រុកមួយបានដកស្រង់ប្រភពរដ្ឋាភិបាលជាន់ខ្ពស់ដែលនិយាយថាពួក Hacker បានចូលមើលកាលវិភាគធ្វើដំណើររបស់លោក Yoon ហើយសារដែលផ្ញើដោយប្រធានាធិបតី ក៏ត្រូវបានគេលួចផងដែរ។ យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីនឹងមិនបង្ហាញថាព័ត៌មានណាខ្លះត្រូវបានគេលួចនោះទេ។

នេះត្រូវបានគេគិតថាជាលើកទីមួយដែលកូរ៉េខាងជើងបានលួចចូលដោយជោគជ័យ តាមរយៈទិន្នន័យសមាជិកក្រុមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ ការិយាល័យប្រធានាធិបតីបាននិយាយថា ការបំពាននេះត្រូវបានបង្កឡើងដោយការធ្វេសប្រហែសនៃបទប្បញ្ញត្តិសុវត្ថិភាព។

ទីក្រុងព្យុងយ៉ាងត្រូវរងទណ្ឌកម្មអន្តរជាតិយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការលួចតាមប្រព័ន្ធអ៉ីនធឺណេត ដើម្បីផ្តល់មូលនិធិដល់របប និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ វាត្រូវបានគេប៉ាន់ប្រមាណថាបានលួចរហូតដល់ទៅ៣ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៦។ ជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងក៏ត្រូវបានគេគិតថានឹងធ្វើការលួចចូលក្នុងគោលបំណងលួចអាថ៌កំបាំងរដ្ឋ រួមទាំងព័ត៌មានលម្អិតនៃបច្ចេកវិទ្យាអាវុធទំនើបៗផងដែរ។

ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង បានថា ពួកគេ “ហួសពីការតក់ស្លុត និងរន្ធត់ចិត្ត” នៅពេលដែលពួកគេបានដឹងពីការបំពាននេះ ដោយបន្ថែមថា វាអាចបង្កបញ្ហាដល់សន្តិសុខរបស់លោក Yoon នៅបរទេស។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Yoon បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅក្នុងខែវិច្ឆិកា ក្នុងអំឡុងពេលដែលគាត់បានជួបស្តេច Charles និងម្ចាស់ក្សត្រី Camilla ក៏ដូចជានាយករដ្ឋមន្រ្តី Rishi Sunak ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានគេរកឃើញមុនពេលដំណើររបស់ប្រធានាធិបតីចាប់ផ្តើម។ បន្ទាប់ពីការរកឃើញនេះ កូរ៉េខាងត្បូងបានចាត់វិធានការដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន រួមទាំងការលើកកម្ពស់ការយល់ដឹងក្នុងចំណោមក្រុមរបស់ខ្លួន ដើម្បីការពារកុំឲ្យមានឧប្បត្តិហេតុបែបនេះកើតឡើងទៀត៕

ប្រភព៖ BBC