ជប៉ុនគ្រោងគាំទ្រសន្តិសុខដែនសមុទ្រ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ក្នុងគោលបំណងសំខាន់មួយ
ជប៉ុនគ្រោងផ្តល់ជំនួយរយៈពេលវែងដល់អាជ្ញាធរដែនសមុទ្រក្នុងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង វៀតណាម ដែលវិធានការនេះគឺសំដៅប្រឆាំងនឹងការពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅសមុទ្រចិនខាងត្បូង។
ជុំវិញគម្រោងនេះ ជប៉ុននឹងបង្កើតផែនការរយៈពេល១០ ឆ្នាំដើម្បីគាំទ្រដល់ប្រទេសទាំងបួនដែលរដ្ឋាភិបាលចាត់ទុកថាជាអាទិភាពកំពូលទាក់ទងនឹងសន្តិសុខ ដែលការស្ទង់មតិនៅនឹងកន្លែងត្រូវបានធ្វើឡើងកាលពីខែមុននៅក្នុងប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី។ សកម្មភាពស្រដៀងគ្នានេះត្រូវបានគ្រោងធ្វើនៅប្រហែលខែមេសា ក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម។
ដោយឡែក មន្ត្រីជប៉ុននឹងពិភាក្សាអំពីការផ្តល់យន្តហោះគ្មានមនុស្សបើក ប្រព័ន្ធរ៉ាដា និងទូកល្បាតជាមួយប្រទេសនីមួយៗ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ចំពោះផែនការលម្អិតគឺត្រូវកំណត់ត្រឹមខែមីនាឆ្នាំក្រោយ។
គួររំលឹកផងដែរថា ចិនទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងបានអនុម័តច្បាប់អនុញ្ញាតឱ្យឆ្មាំសមុទ្រចិនប្រើប្រាស់កម្លាំងនៅក្នុងតំបន់កាលពីបីឆ្នាំមុន ហើយប្រទេសផ្សេងទៀតមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកជំនាញខាងចិននៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិនៃក្រសួងការពារជាតិជប៉ុន Iida Masafumi និយាយថា ការបង្កើនសមត្ថភាពសន្តិសុខដែនសមុទ្ររបស់ប្រទេសទាំងបួននឹងជួយពួកគេយ៉ាងខ្លាំងក្នុងការទប់ទល់នឹងប្រទេសចិន។
ប្រភព៖ NHK World