មជ្ឈដ្ឋានអ្នកវិភាគចិន៖ «ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា បង្កប់នូវអត្ថន័យនយោបាយសំខាន់មួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ»


ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង តមតាមការអញ្ជើញរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង កាលពីពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការបើកសករាជថ្មីនៃទំនាក់ទំនងរវាងបារាំងនិងកម្ពុជា ព្រោះចាប់តាំងពីឆ្នាំ១៩៩៣មក បារាំងជាមិត្តជិតស្និទ្ធជាងគេបង្អស់មួយរបស់កម្ពុជា។ នេះបើតាមអ្វីដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើង។

កម្ពុជានិងបារាំង បានរកឃើញនៅជំហររួមច្រើន ដែលមិនធ្លាប់មានឡើយ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ រាប់ចាប់ពីឆ្នាំ១៩៩៣មក ដោយមានជំហររួមគ្នា ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ ក្របខណ្ឌតំបន់ និងទាំងនៅក្នុងក្របខណ្ឌអន្តរកម្ពុជា-បារាំង។ គួបផ្សំនឹងសមិទ្ធផលនៃទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលសម្រេចបានក្រោមរូបភាពនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានាឱកាសនេះ បានទាញចំណាប់អារម្មណ៍ពីក្រុមអ្នកវិភាគជាច្រើន ជុំវិញទំនាក់ទំនងនេះ។
តាមរយៈសារព័ត៌មានចិន South China Morning Post នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីការយល់ឃើញរបស់មជ្ឈដ្ឋានអ្នកវិភាគ ដោយបាននិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាដម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំងកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងចំណោមបញ្ហាផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍នូវ “ជំហរ” នៃការទប់ទល់នឹងការពឹងផ្អែកហួសហេតុរបស់ខ្លួនលើប្រទេសចិន។

រួមជាមួយនឹងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់កម្ពុជាជាមួយប្រទេសជប៉ុន អ្នកជំនាញគោលនយោបាយការបរទេសបាននិយាយថា ដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីសតំណាងឱ្យទំនោររបស់កម្ពុជា “ឆ្ពោះទៅរកការធ្វើពិពិធកម្ម” ខណៈមមហាអំណាចកំពុងប្រជែងដណ្តើមអំណាចក្នុងតំបន់។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង កាលពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។