គន្លងចេញ-ចូល ទាំង ៣ ប្រភេទលើផ្លូវល្បឿនលឿន ដែលអ្នកបើកបរគួរដឹង ដើម្បីកាត់បន្ថយការកកស្ទះ
ចាប់តាំងពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនល្បឿន ភ្នំពេញ-ព្រះសីហនុ បងប្អូនប្រជាពលរដ្ឋកាន់តែទទួលបានភាពងាយស្រួល ក៏ដូចជាចំណេញពេលវេលាបានច្រើនក្នុងការធ្វើដំណើរ។ ភាពងាយស្រួលទាំងនេះ បានបង្កលក្ខណៈឱ្យចរាចរណ៍លើដងផ្លូវកាន់តែមានភាពមមាញឹក ជាពិសេសនៅថ្ងៃឈប់សម្រាក ឬឱកាសពិសេសនានា ដែលជួនពេលខ្លះនាំឱ្យមានការកកស្ទះចរាចរ ដោយសារអ្នកបើកបរមួយចំនួន នៅមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿន។
ដូចនេះ ដើម្បីកាត់បន្ថយការកកស្ទះ និងរង់ចាំយួរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយ។
ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ បងប្អូនចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។
ប្រសិនបើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ រថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយមិនតម្រូវឲ្យយកកាត និងមិនប្រើប្រាស់ជាសាច់ប្រាក់ឡើយ។
ដោយឡែក ប្រសិនរថយន្តមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខ សូមបើកបរចូលគន្លង MTC ដែលមានសញ្ញា ⬇️។ ការចូលច្រកនេះ នឹងតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។
ជាមួយគ្នានេះ បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។
លើសពីនេះ អ្នកបើកបរក៏អាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្តផងដែរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ Facebook