ប្លែកមែន! វៀតណាមសាងសង់ស្ពានមួយសម្រាប់ជាកន្លែងឱ្យគូស្នេហ៍ថើបគ្នា មិនមែនសម្រាប់ធ្វើដំណើរឆ្លងកាត់ទេ


កន្លែងថតរូប Selfie ថ្មីមួយដែលមានឈ្មោះថា “Kiss Bridge” ដែលគូស្នេហ៍អាចចែករំលែកពេលវេលាដ៏រ៉ូមែនទិក ត្រូវបានដាក់បង្ហាញកាលពីសប្តាហ៍មុន ក្នុងប្រទេេវៀតណាម។

លទ្ធផលនៃកិច្ចសហការរបស់ស្ថាបត្យករអ៊ីតាលី Marco Casamonti និងអ្នកអភិវឌ្ឍន៍ទេសចរណ៍ប្រណិត Sun Group បានធ្វើឱ្យស្ពាននេះលេចចេញជារូបរាងឡើង ដែលមានទីតាំងនៅកោះ Phu Quoc ភាគខាងត្បូងប្រទេសវៀតណាម ដែលជាតំបន់ល្បីល្បាញដោយសារឆ្នេរដ៏ស្រស់ស្អាត។ ស្ពាននេះ ត្រូវបានរចនាឡើងដោយមានការបំផុសគំនិតពីផ្ទាំងគំនូរបុរាណរបស់ Michelangelo ការបង្កើតអ័ដាម និងរឿងព្រេងវៀតណាមរបស់ ង្វូវឡាងអំពីគូស្នេហ៍វ័យក្មេងពីរនាក់ដែលអធិរាជ Jade រក្សាឱ្យនៅឆ្ងាយហើយអនុញ្ញាតឱ្យជួបគ្នាម្តងក្នុងមួយឆ្នាំនៅលើស្ពានអូរធួក។

ស្ពាននេះមានប្រវែងជាង៨០០ ម៉ែត្រ (កន្លះម៉ាយ) និងមានពីរផ្នែកដាច់ដោយឡែកពីគ្នា។ ផ្នែកខាងជើង និងខាងត្បូងត្រូវបានបំបែកដោយ៣០ សង់ទីម៉ែត្រ (១២អ៊ីញ) ដែលគូស្នេហ៍អាចឈរនៅម្ខាងៗ ហើយអាចឱប និងថើបគ្នាយ៉ាងរ៉ូមែនទិក។

យោងតាមក្រុមហ៊ុន Sun Group បានឱ្យដឹងថា ចម្ងាយរវាងស្ពានត្រូវបានគណនាយ៉ាងជាក់លាក់ថា នៅថ្ងៃទី ១ ខែមករា ជារៀងរាល់ឆ្នាំ នឹងអាចមើលឃើញព្រះអាទិត្យលិចយ៉ាងច្បាស់នៅក្នុងគម្លាតរវាងពាក់កណ្តាលទាំងពីរ។

ស្ពាននេះមានឈ្មោះជាភាសាវៀតណាមថា “Cau Hon” ក៏មានន័យថា “ស្នើសុំរៀបការ” ហើយស្ពានថ្មីរបស់វៀតណាមនេះគឺសម្រាប់ជាលន្លែងថើបគ្នា មិនមែនសម្រាប់ធ្វើដំណើរឆ្លងកាត់ទេ។

ស្ពាន Kiss Bridge មានទីតាំងនៅ Sunset Town នៃកោះ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម ហើយនឹងក្លាយជានិមិត្តរូបនៃក្តីស្រលាញ់ និងជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនាសម្រាប់គូស្នេហ៍ និងភ្ញៀវទេសចរដូចគ្នា។

ប្រភព៖ CNN Travel