|

វីតាមីនទាំង១៣ ដែលយើងគួរតែដឹង!


វីតាមីន គឺជាសមាសធាតុសរីរាង្គ (មានន័យថាវាផ្ទុកដោយកាបូន) ឬជាសារធាតុចិញ្ចឹមដែលមនុស្សយើងត្រូវការជាចាំបាច់ក្នុងបរិមាណសមស្របមួយ។ វីតាមីនភាគច្រើនត្រូវបានផ្តល់ដោយអាហារដែលយើងបរិភោគ ដោយសារតែសារពាង្គកាយរបស់មនុស្សមិនបានផលិត ឬផលិតវាដែរតែស្ថិតនៅក្នុងចំនួនតិចតួចបំផុត។ នេះបើតាមគេហទំព័រ MNT របស់ចក្រភពអង់គ្លេសបានចុះផ្សយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

ខាងក្រោមនេះ គឺជាវីតាមីនទាំង ១៣ ដែលត្រូវបានគេទទួលស្គាល់នាពេលបច្ចុប្បន្ន។ តោះស្វែងយល់នូវចំណេះដឹងនេះជាមួយ BRANDMEDIA ទាំងអស់គ្នា ដើម្បីសុខភាព៖

១. Vitamin A (ជាជាតិខ្លាញ់រលាយ)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Retinol, retinal, និង “Carotenoids ទាំងបួន,” រួមបញ្ចូលទាំង Beta Carotene។
  • មុខងារ៖ វាចាំបាច់សម្រាប់សុខភាពភ្នែក។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យងងឹតភ្នែកនៅពេលយប់ និង Keratomalacia ដែលបណ្តាលឱ្យស្រទាប់ភាពច្បាស់នៅផ្នែកខាងមុខនៃភ្នែកត្រូវស្ងួត និងពកដុំៗ។
  • ប្រភព៖ ថ្លើម, ប្រេងថ្លើមគោ, ការ៉ុត, ខាត់ណាផ្កា, ដំឡូងជ្វា, ប័រ, ត្រកួន, ស្ពៃ, ល្ពៅ, ស្លឹកខ្ទឹម, ស៊ុត, និងទឹកដោះគោជាដើម។

២. Vitamin B1 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Thiamine។
  • មុខងារ៖ វាចាំបាច់សម្រាប់ការផលិតអង់ស៊ីម ដែលជួយបំបែកជាតិស្ករនៅក្នុងឈាម។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យមានរោគសញ្ញាស្ពឹក (Beriberi) និងជំងឺខួរក្បាល (Wernicke-Korsakoff)។
  • ប្រភព៖ សាច់ជ្រូក, គ្រាប់ធញ្ញជាតិ, គ្រាប់ល្ពៅ, គ្រាប់ផ្កាឈូករ័ត្ន, អង្ករសម្រូប, ខាត់ណា, ផ្កាខាត់ណា, ដំឡូង, ក្រូច, ថ្លើម និងស៊ុតជាដើម។

៣. Vitamin B2 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Riboflavin។
  • មុខងារ៖ ក្រៅពីការជួយរំលាយអាហារ វាក៏ចាំបាច់សម្រាប់ជួយដល់ការលូតលាស់ និងការអភិវឌ្ឍកោសិកាក្នុងរាងកាយផងដែរ។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យរលាកបបូរមាត់ និងស្នាមប្រេះនៅក្នុងមាត់។
  • ប្រភព៖ ទំពាំងបារាំង,​ ចេក, ផ្លែទន្លាប់, ពោតបារាំង, ទឹកដោះគោ, ទឹកដោះគោជូរ, សាច់, ស៊ុត, ត្រី និងសណ្តែកខៀវ (សណ្តែកកង/កួរ)ជាដើម។

៤. Vitamin B3 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Niacin, Niacinamide។
  • មុខងារ៖ រាងកាយយើងត្រូវការ Niacin ដើម្បីឱ្យកោសិកាធ្វើការ និងលូតលាស់បានត្រឹមត្រូវ។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យមានជំងឺ Pellagra ដែលបង្កឱ្យឈឺលើស្បែក, ក្នុងមាត់, និងក្នុងគ្រឿងរំលាយអាហារ។
  • ប្រភព៖ សាច់មាន់, សាច់គោ, ត្រី Tuna, ត្រី Salmon, ទឹកដោះគោ, ស៊ុត, ប៉េងប៉ោះ, បន្លែស្លឹកបៃតង, ផ្កាខាត់ណា, សណ្តែកដី, ការ៉ុត និងតៅហ៊ូជាដើម។

៥. Vitamin B5 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Pantothenic Acid។
  • មុខងារ៖ វាចាំបាច់សម្រាប់ផលិតថាមពល និងអរម៉ូន។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យមានជំងឺក្រិនសរសៃឈាម។
  • ប្រភព៖ សាច់, គ្រាប់ធញ្ញជាតិ, ខាត់ណាផ្កា, Avocado និងទឹកដោះគោជូរជាដើម។

៦. Vitamin B6 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Pyridoxine, Pyridoxamine, Pyridoxal។
  • មុខងារ៖ វាចាំបាច់សម្រាប់ការបង្កើតកោសិកាឈាមក្រហម។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យមានរោគស្លេកស្លាំង និងជំងឺសរសៃប្រសាទ ផ្នែកខាងក្រៅនៃខួរក្បាល (
    Peripheral Neuropathy)
  • ប្រភព៖ សាច់គោ, chickpeas, ថ្លើម, ចេក, ពពួកវល្លិជាតិមាន ត្រសក់, ល្ពៅ, ននោង, ត្រឡាចជាដើម។

៧. Vitamin B7 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Biotin។
  • មុខងារ៖ វាចាំបាច់សម្រាប់អនុញ្ញាតរាងកាយធ្វើ Metabolize ដើម្បីទទួលបាននូវប្រូតេអ៊ីន, ខ្លាញ់ និងCarbohydrates។ ម្យ៉ាងទៀតវាក៏ជួយឧបត្ថម្ភដល់ Keratin ដែលជាបណ្តុំប្រូតេអ៊ីននៅក្នុងស្បែក សក់ និងក្រចក។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យរលាកស្បែក ឬរលាកពោះវៀន។
  • ប្រភព៖ ផ្នែកលឿងនៃស៊ុត, ថ្លើម, ខាត់ណាផ្កា, ស្ពៃ និងCheese ជាដើម។

៨. Vitamin B9 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Folic Acid, Folinic Acid។
  • មុខងារ៖ វាចាំបាច់សម្រាប់ការបង្កើត DNA និងRNA។
  • ករណីកង្វះខាត៖ ក្នុងអំឡុងពេលម្តាយមានផ្ទៃពោះ វាអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់ទារក។ ក្នុងករណីនេះ វេជ្ជបណ្ឌិតណែនាំឱ្យម្តាយប្រើថ្នាំ Folic Acid មុន និងកំឡុងពេលមានផ្ទៃពោះ។
  • ប្រភព៖ បន្លែបៃតង, សណ្តែក, គ្រាប់ធញ្ញជាតិ, គ្រាប់ផ្កាឈូករ័ត្ន និងផ្លែឈើជាដើម។

៩. Vitamin B12 (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Cyanocobalamin, Hydroxocobalamin, Methylcobalamin។
  • មុខងារ៖ វាចាំបាច់ដល់ប្រព័ន្ធសរសៃប្រសាទឱ្យមានដំណើរការល្អ។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យមានជំងឺស្លេកស្លាំង និងបញ្ហាប្រព័ន្ធសរសៃប្រសាទ។
  • ប្រភព៖ សត្វសន្ដាន ខ្យង ខ្ចៅ លៀស គ្រំ, ត្រី, សាច់, ទឹកដោះគោ, ស៊ុត, សាច់មាន់, Fortified Cereals និងទឹកសណ្តែកជាដើម។

១០. Vitamin C (ជាជាតិរលាយក្នុងទឹក)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Ascorbic Acid។
  • មុខងារ៖ វាចាំបាច់ក្នុងការចូលរួមចំណែកដល់ការផលិត Collagen, ជួយឱ្យមុខរបួសឆាប់សះ និងជំនួយឆ្អឹង។ មួយវិញទៀត វាក៏ជួយពង្រឹងសរសៃឈាម, គាំទ្រដល់ប្រព័ន្ធការពាររាងកាយដោយឱ្យរាងកាយអាចស្រូបយកជាតិដែក និងដើរតួជាអង់ទីអុកស៊ីដង់ (Antioxidant)។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យអញ្ចាញធ្មេញហូរឈាម, ធ្មេញបាក់ និងការលូតលាស់របស់ជាលិកាមានការចុះខ្សោយ ព្រមទាំងមុខរបួសមានការសះយូរជាដើម។
  • ប្រភព៖ បន្លៃបៃតង និងផ្លែឈើ (ត្រង់ចំណុចនេះ បើយកទៅចំអិនវានឹងបំផ្លាញវីតាមីនស៊ី)។

១១. Vitamin D (ជាជាតិខ្លាញ់រលាយ)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Ergocalciferol, Cholecalciferol។
  • មុខងារ៖ វាចាំបាច់សម្រាប់ការផ្តល់នូវជាតិរ៉ែដល់ឆ្អឹង ដែលធ្វើឱ្យឆ្អឹងរឹងមាំ និងលូតលាស់បានល្អ។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យមានជំងឺរលាកឆ្អឹង និងពុកឆ្អឹង ឬធ្វើឱ្យឆ្អឹងទន់។
  • ប្រភព៖ ខ្លាញ់ត្រី, ស៊ុត, ថ្លើមគោ, ផ្សិត និងការសាយភាយនៃកាំរស្មី UVB ពីព្រះអាទិត្យ ឬពីប្រភពផ្សេងៗទៀត ដែលអនុញ្ញាតឱ្យរាងកាយអាចផលិតវីតាមីន D។

១២. Vitamin E (ជាជាតិខ្លាញ់រលាយ)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Tocopherol, Tocotrienol។
  • មុខងារ៖ វាចាំបាច់ក្នុងការជួយការពារ Oxidative Stress តាមរយៈសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វា (Antioxidant Activity)។ Oxidative Stress ជាបញ្ហាមួយដែលបង្កើនហានិភ័យនៃការរលាក, ជំងឺមហារីក និងជំងឺផ្សេងៗ។
  • ករណីកង្វះខាត៖ ភាពកង្វះខាតកម្រនឹងកើតមានណាស់ ប៉ុន្តែវាអាចបណ្តាលឱ្យមានសភាពស្លេកស្លាំងដល់ទារកដែលទើបនឹងកើត។ ករណីនេះគឺវាបានបំផ្លាញដល់កោសិកាឈាម។
  • ប្រភព៖ ផ្លែ Kiwis, គ្រាប់ Almonds, គ្រាប់ស្វាយចន្ទី, ស៊ុត, ស្លឹកបៃតង, ប្រេងបន្លែ និង Wheat​​​ Germ ជាដើម។

១៣. Vitamin K (ជាជាតិខ្លាញ់រលាយ)

  • ឈ្មោះប្រើក្នុងវិស័យគីមី៖ Phylloquinone, Menaquinone។
  • មុខងារ៖ វាចាំបាច់សម្រាប់ការបង្កកឈាម។
  • ករណីកង្វះខាត៖ អាចបណ្តាលឱ្យឈាមហូរមានសភាពមិនប្រក្រតី ឬBleeding Diathesis។
  • ប្រភព៖ Natto, ស្លឹកបៃតង, ល្ពៅ, ឧទុម្ពរ (ផ្លែល្វា) និងជីវ៉ាន់ស៊ុយបារាំងជាដើម៕

សូមថែរក្សាសុខភាពទាំងអស់គ្នា! សុខភាពជាចម្បង!

អានបន្ថែម៖ MNT