លែងពិបាកទៀតហើយ! ពលករខ្មែរនៅក្រៅប្រទេសនឹងអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ


នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់តួនាទីជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការសិក្សាជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ក្នុងការសម្របសម្រួលក្នុងការដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើPassport នៅប្រទេសគោលដៅដែលមានពលករច្រើន ហើយការងារនេះ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤»។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម ដែលអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនពលករដែលធ្វើការនៅក្រៅបហរទេស ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើការជិះយន្តហោះមកកម្ពុជាដើម្បីធ្វើ Passport ថ្មី ឬបន្តពន្យារ Passport៕

ប្រភព៖ ក្រសួងមហាផ្ទៃ