|

ប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀតសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានប្រែក្លាយគោលនយោបាយអាទិភាពទាំង ៦ មកជាសកម្មភាពជាក់ស្តែង!


រាជរដ្ឋាភិបាលបានប្រែក្លាយគោលនយោបាយអាទិភាពទាំង ៦ មកជាសកម្មភាពជាក់ស្តែង ឧទាហរណ៍ ក្រោមគោលនយោបាយ “ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល” រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អ្នកប្រកបមុខរបរដោយខ្លួនឯង និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. និងបានប្រែក្លាយសេចក្ដីប្រាថ្នារបស់អ្នកប្រកបមុខរបរដោយខ្លួនឯងភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្ដីប្រាថ្នារបស់កម្មករនិយោជិតភាគច្រើនដែលចង់ឱ្យសមាជិកគ្រួសារក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ ក្លាយជាការពិត។

តាមរយៈ ការចូលរួមក្នុង របបភាគទានដោយស្ម័គ្រចិត្ត អ្នកប្រកបមុខរបរដោយខ្លួនឯង និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ២.៦ ភាគរយ នៃប្រាក់ចំណូល ជាប់ភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និងថែទាំសុខភាព ដែលមានជម្រើសទៅព្យាបាលគ្រប់មន្ទីរពេទ្យនានាដែលជាដៃគូបេឡាជាតិរបបសន្តិសុខសង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ សម្រាប់អ្នកប្រកបមុខរបរដោយខ្លួនឯងជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសពនៅពេលទទួលមរណភាព។

ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងគ្របដណ្តប់ដល់អ្នកប្រកបមុខរបរដោយខ្លួនឯង និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គមជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបជាង ៥លាននាក់។ អ្នកប្រកបមុខរបរដោយខ្លួនឯង មានសិទ្ធិស្នើសុំចុះបញ្ជិកានៅគ្រប់សាខា ប.ស.ស តាមសាខា ប.ស.ស ខេត្ត ស្រុក ខណ្ឌ ឬក៏ស្នាក់ការកណ្ដាលនៃ ប.ស.ស ដោយភ្ជាប់មកជាមួយ មានតែអត្តសញ្ញាណបណ្ណ១សន្លឹក ដើម្បីទៅបំពេញទម្រង់នៃការ ចុះបញ្ជី និងថត រូប ស្គេនក្រយៅដៃ បញ្ចូលជាព័ត៌មានសមាជិក បន្ទាប់មកមន្រ្តីនឹងព្រីនបណ្ណជូនភ្លាមតែម្ដង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តខាងលើនេះ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសណ្ឋារគារសុខាភ្នំពេញ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល