ឈ្វេងយល់ពីអត្ថប្រយោជន៍ដែលប្រជាជនក្រីក្រទទួលបានពីកម្មវិធីជាតិជំនួយសង្គម ដែលដាក់ចេញដោយរាជរដ្ឋាភិបាល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញឱ្យអនុវត្តនូវអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
អនុក្រឹត្យនេះ មាន៦ជំពូក និង២៨មាត្រា។ មាត្រា១នៃអនុក្រឹត្យនេះបានចែងថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីវិធាន នីតិវិធី និងយន្តការគ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ឱកាសស្មើគ្នាជូនយុវជនក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។
អនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាកម្មវិធីគោលនយោបាយទី២ក្នុងកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលមានគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។
សូមកត់សម្គាល់ថា ឯកឧត្តមកិត្តិទេសាភិបាលធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនយោបាយក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលនឹង ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និង របបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ តាមរយៈកម្មគោលនយោបាយនេះ នឹងជួយគាំពារប្រជាជនគ្រប់រូប ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។
ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
រូបភាព៖ មាតុភូមិ