ហឹបវិញ្ញាសាបានទៅដល់បណ្ដាខេត្ត ហើយត្រូវបានពិនិត្យ និងការពារយ៉ាងមធ្យ័ត ដើម្បីធានាស្តង់ដានៃការប្រឡង
នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា២០២៣ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត។
ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។ បន្ទាប់ពីហឹបវិញ្ញាសា បានទៅដល់រដ្ឋបាលសាលារាជធានី-ខេត្តហើយ នឹងមានការប្រជុំបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅបានយ៉ាថរលូន។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៣នេះ ដំណើរការការប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។ ដោយឡែកមណ្ឌលប្រឡងមានសរុប២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់៕