គ្រឹះស្ថានមធ្យមសិក្សាចំនួន១៤ នឹងទទួលបានផលដោយផ្ទាល់ និងប្រយោល ពីគម្រោងដ៏សំខាន់មួយរបស់ក្រសួងអប់រំ


កាលពីពេលថ្មីៗនេះ ក្រសួងអប់រំយុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់ ស្ដីពីការអនុវត្តគម្រោងគាំទ្រការអប់រំពេញមួយជីវិត និងការងារសមរម្យ តាមរយៈកម្មវិធីមគ្គុទ្ទេសក៍ អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងចុះហត្ថលេខាដោយលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងលោកស្រី Gwyneth Wong នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា។

គម្រោងនេះ នឹងត្រូវអនុវត្តនៅគ្រឹះស្ថានមធ្យមសិក្សាចំនួន១៤ (ខេត្តសៀមរាប ៤, ខេត្តស្ទឹងត្រែង ៥, និងខេត្តរតនគិរី ៥)។ អ្នកទទួលផលដោយផ្ទាល់ត្រូវបានផ្ដោតលើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូចំនួន ៤២នាក់ (ស្រី ៤០%) សិស្សានុសិស្សចំនួន ៤៥០០នាក់ ស្រី ២៥០០នាក់។ អ្នកទទួលផលដោយប្រយោល នឹងត្រូវផ្ដោតលើគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានមធ្យមសិក្សាទាំង១៤ ចំនួន ២៩៧នាក់ ស្រី ១០០នាក់ សិស្សកម្រិតមធ្យមសិក្សា ចំនួន ៥៧០០ នាក់ ស្រី ៣០២៤នាក់។

សូមជម្រាបថា សូចនាករសំខាន់ៗក្នុងគម្រោងនេះ ផ្ដោតលើការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ការរៀបចំបន្ទប់ប្រឹក្សាយោបល់ និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ការងារខ្នាតតូចនៅតាមគ្រឹះស្ថានមធ្យមសិក្សាទាំង១៤ ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ ប្រតិបត្តិករអនុវត្តគម្រោងនៅកម្រិតសាលារៀន គឺលោកគ្រូអ្នកគ្រូប្រឹក្សាតាមសាលារៀន និងគណៈគ្រប់គ្រង ចំនួន ៣នាក់ សាលារៀន ដែលទទួលបានការបណ្ដុះបណ្ដាលសមត្ថភាពពីនាយកដ្ឋានជំនាញចំនួន ៦ក្រេឌីត។

ប្រភព: MoEYS