មកដឹងពីលក្ខណៈពិសេសនៃអាកាសយានដ្ឋានអន្តរជាតិធំជាងគេនៅកម្ពុជា ដែលនឹងចាប់ផ្តើមហោះហើរសាកល្បងនៅពាក់កណ្តាលខែឧសភានេះ


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងជាមួយនឹងទុនវិនិយោគជាង ៨៨០លានដុល្លារអាមេរិក និងកំពុងដំណើរការលើផ្ទៃដី ៧០០ ហិកតា នៅស្រុកសូត្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋាននេះមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប។

មកទល់ពេលនេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានជាង ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិអង្គរដែលអភិវឌ្ឍដោយប្រទេសចិន នឹងបម្រើអត្ថប្រយោជន៍ជាច្រើនសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ខេត្តខេត្តសៀមរាបផ្ទាល់ ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមពីនេះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គីសនីប្រើប្រាស់ព្រោងព្រាត ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

ជាមួយគ្នានេះ អាកាសយានដ្ឋានតម្លៃ ៨៨០ លានដុល្លារ ដែលស្ថិតនៅចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីក្រុងសៀមរាបនេះ នឹងក្លាយជាចំណែកមួយជួយការពាររមណីយដ្ឋានអង្គរវត្ត ដែលទទួលរងការបំពុលដោយសំឡេងដែលបង្កឡើងដោយអាកាសយានដ្ឋានដែលមានស្រាប់នៅក្បែរនោះ។

ដោយឡែក ចំពោះដំណើរការគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានក៏បានឃើញសកម្មភាពចំនួន ៣៨ ក្នុងចំណោមសកម្មភាពសរុបចំនួន ៧៩ នៃផែនការគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានបានបញ្ចប់ ក្រោមការយល់ព្រមពីរដ្ឋាភិបាលដែលបានអនុម័តលើការអនុវត្តរបស់ខ្លួនផងដែរ៕