|

«សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សសយកនៅសណ្ឋាគារហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ»

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាតំណាងស.ស.យ.ក. ទូទាំងប្រទេសសរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ។

មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន, (២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក., (៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល, និង ៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។

បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លងមកផងដែរ។

សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការ ការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕