|

បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ៥០០ អង្គបង្សុកូល រំលឹកខួប៤ឆ្នាំ នៃមរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ


កាលពីព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ៥០០អង្គ ដើម្បីប្រារព្ធពិធីសូត្រមន្តលើករាសី សិរីមង្គល និងបង្សុកូល រំលឹកដល់ខួប៤ឆ្នាំ នៃមរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (១៩៤៧-២០២២) ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ គឺជាប្រធានមូលនិធី​ ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាវីរបុរសនៃកុមារកម្ពុជា​ ដែលបានចំណាយពេលជិតបីទសវត្សរ៍ ក្នុងបេសកកម្មជួយកុមារកម្ពុជារាប់លាននាក់ ឱ្យទទួលបានការព្យាបាល និងថែទាំងសុខភាពដោយឥតគិតថ្លៃ និងដោយគ្មានការរើសអើង ​។ ប្រមាណ៨៥%នៃកុមារ​ កម្ពុជា ត្រូវបាន ត្រូវបានសង្គ្រោះ និងទទួលការព្យាបាលជាសះស្បើយពីទីនេះ។

សូមរំលឹកផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការឡើងវិញនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ក្រោយរបបខ្មែរក្រហមដួលរលំ ក្រោមការគ្រប់គ្រងរបស់លោក វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ តាមការស្នើរបស់ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ និងរាជរដ្ឋាភិបាលកម្ពុជា។ លោក វេជ្ជបណ្ឌិត បេអាត បានលះបង់កម្លាំងកាយចិត្ត បំពេញការងារមនុស្សធម៌នេះស្ទើពាក់កណ្ដាលជីវិត ដើម្បីសង្រ្គោះអាយុជីវិតកុមារ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូន ជាពិសេសប្រជាជនក្រីក្រនៅកម្ពុជារាប់លាននាក់ ក៏ដូចជារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាយើង។

លោក បានចូលនិវត្តន៍នៅដើមឆ្នាំ២០១៧ ប៉ុន្តែមូលនិធិគន្ធបុប្ផាមានមន្ទីរពេទ្យកុមារទាំង៥ បានដំណើរការយ៉ាងរលូន ជាមួយនឹងគំរូនៃការគ្រប់គ្រងដែលលោកបានបង្កើតឡើង និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សា។ លោកវេជ្ជបណ្ឌិត បេអាត បានទទួលមរណភាពនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ សោយរោគាពាធ ហើយអដ្ឋិធាតុរបស់លោក ត្រូវបានតម្កល់ទុកនៅចេតិយមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានសម្ដែងកត្តញ្ញូធម៌រំលឹកដល់គុណធម៌ដ៏ធំធេងរបស់លោកមកលើប្រជាជនកម្ពុជា៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា- Cambodia Kantha Bopha Foundation