ក្រសួងសាធារណការ និងដឹកជញ្ជូន លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យប្រើប្រាស់នូវរថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន


ស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងដំណើរការរស់នៅប្រចាំថ្ងៃ។ ក្នុងនោះ ការអភិវឌ្ឍនៃសង្គម រួមទាំងកម្រិតជីវភាពប្រជាជន បានធ្វើឱ្យពលរដ្ឋយើងភាគច្រើនមានលទ្ធភាពប្រើប្រាស់យានយន្ត ដើម្បីជាមធ្យោបាយធ្វើដំណើរកាន់តែច្រើនឡើង។

ទន្ទឹមនឹងគុណសម្បត្តិទាំងនេះ វាក៏បានបង្កផលប៉ះពាល់យ៉ាងច្រើនផងដែរចំពោះបរិស្ថាន តាមរយៈផ្សែងរថយន្ត។ កន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធក៏បានយកចិត្តទុកដាក់ផងដែរ លើបញ្ហានេះ ដើម្បីឱ្យពលរដ្ឋមានការយល់ដឹង និងចូលរួមកាត់បន្ថយការបំពុលជាដើម។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ «ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា»។ នាឱកាសនេះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កម្មវិធី MPWT Live Show នេះ ជាកម្មវិធីផ្សាយផ្ទាល់ទាក់ទងនឹងវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន និងជាកម្មវិធីធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងដើម្បីបង្ហាញអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក។ ដោយឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា «ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០»។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់ក្រសួង ទាក់ទងនឹងយានយន្តអគ្គិសនីដែលក្នុងនោះដែរ ក្រសួងបានជួបពិភាក្សាការងារជាមួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។  ហើយក្រសួងក៏បានសហការជាមួយEnergy Lab និងGIZ ដើម្បីផ្សព្វផ្សាយបន្ថែមរៀបចំការតាំងពិព័រណ៍យានយន្តអគ្គិសនី នៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ បានចូលរួមដើម្បីផ្សព្វផ្សាយ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្ក ឱ្យមនុស្សស្លាប់ជាមធ្យមពី៤ទៅ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និង ថវិការហូតទៅដល់៣០០ ទៅ៤៥០ លានដុល្លារក្នុងមួយឆ្នាំ៕

ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport- MPWT