ជប៉ុនផ្ដល់ថវិកា១លានដុល្លារ ដើម្បីបង្កើនការថែទាំសុខភាពមាតា និងទារកនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាប្រមាណ ១,១៧លានដុល្លារអាម៉េរិកទៅកាន់មូលនិធិអង្គការសហប្រជាជាតិនៃអង្គការសុខភាពបន្តពូជ ដែលជាទីភ្នាក់ងារសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដើម្បីជួយគាំទ្រដល់កម្ពុជាក្នុងការធានាដល់ការបន្តដំណើរការគាំពារប្រជាជនងាយរងគ្រោះដូចជាមាតា និងទារក។
ជាមួយគ្នានេះដែរ តាមរយៈមូនិធិនេះនឹងជួយពង្រឹងសុខភាព សមត្ថភាពបុគ្គលិកសុខាភិបាល និងលើកកម្ពស់ការផ្ដល់សេវាសុខភាពបន្តពូជមាតា និងទារកតាមរយៈការណែនាំ និងពង្រីកការសិក្សាតាមប្រព័ន្ធឌីជីថលផងដែរ។ បន្ថែមពីលើនេះទៀត វាក៏នឹងជួយកែលម្អលទ្ធភាពទទួលបានសេវាសុខភាពបន្តពូជសំខាន់ៗ ព័ត៌មានសុខភាពយុវជន និងព័ត៌មានស្ដីអំពីយេនឌ័រ តាមរយៈការប្រើប្រាស់វេទិកាឌីជីថលសម្រាប់អ្នកដែលធ្លាប់រងអំពើហិង្សាផងដែរ។
ជាងនេះទៅទៀត មូនិធិនឹងផ្ដល់ថវិកាចំណាយលើឧបករណ៍សង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាថែទាំបន្ទាន់ទាំងសម្ភព និងទារកតាមបណ្ដាខេត្តនៅភូមិភាគឥសានប្រទេស។ មូនិធិនេះមួយផ្នែកទទួលបានថវិកាប្រមាណ៩លានដុល្លារដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន សម្រាប់ប្រើប្រាស់ជាបន្ទាន់អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសទាំង១៣នៅអាស៊ី និងនៅតំបន់កណ្ដាលភាគខាងកើត និងអាហ្វ្រិកខាងជើង។
លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា«ការធានានូវលទ្ធភាពទទួលបានជាសកលនូវសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនិងការផ្ដល់ព័ត៌មានសំខាន់ៗ គឺជាកត្តាចាំបាច់សម្រាប់ការពារជីវិត សេចក្ដីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ស្ត្រី ទារកទើបនឹងកើត និងយុវជន ក៏ដូចជាលើកកម្ពស់សុខុមាលភាពនិងសុខភាពរបស់ពួកគេ»។
ជំនួយរបស់ជប៉ុនទៅលើការថែទាំសុខភាពមាតា និងទារកគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដែលកន្លងមកប្រទេសជប៉ុនក៏បានជួយដល់កម្ពុជាជាច្រើនផ្នែក ច្រើនវិស័យតួយ៉ាងដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ ជាពិសេសគឺការផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាផងដែរ។
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Embassy of Japan In Cambodia ស្ថានទូតជប៉ុននៅកម្ពុជា