ម៉ាឡេស៊ី នឹងពិនិត្យមើលលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា
នេះជាការលើកឡើងរបស់ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនាពេលបច្ចុប្បន្ន មានភាពរឹងមាំ ហើយទំនាក់ទំនងនេះ មិនមែនត្រឹមតែទំនាក់ទំនងការទូត ឬក៏នយោបាយទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ក៏មានភាពរឹងមាំផងដែរ។ ឯកឧត្តមក៏បានលើកឡើងមួយចំនួនទៅកាន់សម្ដេចតេជោពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអាហារហាឡាល់នៅកម្ពុជា ដោយឯកឧត្តមចង់ជំរុញឲ្យវិស័យនេះកើតចេញជារូបរាង និងមានភាពរីកចម្រើននៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នឹងមានគណៈកម្មការមួយ ដើម្បីសិក្សានិងធ្វើទៅលើកិច្ចការងារ និងជំរុញទៅដល់វិស័យអាហារហាឡាល់នៅកម្ពុជា ។

ឯកឧត្តមក៏បានរំលេចអំពីការពង្រីកនូវទំនាក់ទំនង ផ្នែកទេសចរណ៍ ដែលឧត្តម ចង់ជំរុញឲ្យវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែរីកចម្រើន ហើយម៉ាឡេស៊ី ក៏បានត្រៀមខ្លួនក្នុងការទទួលនូវទេសចរណ៍កម្ពុជា ជាពិសេសគឺទេសចរណ៍ផ្នែកសុខាភិបាលដែលទៅទទួលសេវាពិនិត្យសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ម៉ាឡេស៊ី នឹងពិនិត្យមើលជាក់ស្ដែងដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចំពោះការពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានកត់សម្គាល់ថា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរទៅស្របគ្នាទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ រវាងប្រទេសទាំងពីរត្រូវតែធ្វើយ៉ាងណា ឲ្យមានភាពរីកចម្រើនដូចគ្នាដែរ៕




















