ឯកឧត្តម ហ៊ុន ម៉ានី៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ “ខ្មែរធ្វើបាន” បានបញ្ចប់ដោយជោគជ័យ ជាមួយការបង្កើតកម្លាំងសាមគ្គី រួបរួម ជំរុញ និងលើកទឹកចិត្តដល់ការគាំទ្រផលិតផលក្នុងស្រុក
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញក្ដីរំភើបបន្ទាប់ពីកម្មវិធីពិព័រណ៍ផលិតផលខ្មែរបានកន្លងផុតទៅ ដោយបង្ហោះសារដ៏មានអន្តន័យលើផេកផ្លូវការរបស់ឯកឧត្តម ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យគួរឲ្យមោទនៈ ហើយការចូលរួមយ៉ាងសកម្មពីពុកម៉ែ មាមីង និងប្រជាពលរដ្ឋជាច្រើន បានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គី និងស្នេហាជាតិ ម្យ៉ាងការចូលរួមនេះក៏ជាកម្លាំងគាំទ្រដ៏សំខាន់ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងដៃគូសហការទាំងអស់ ក្នុងការបន្តនាំមកនូវព្រឹត្តិការណ៍ជាតិនានា។

ឯកឧត្តម បានបន្ថែមថា តាមរយៈបេសកកម្មចាប់តាំងពីកំណើតដំបូង ស.ស.យ.ក. តែងបានផ្តួចផ្តើមយុទ្ធនាការ និងព្រឹត្តិការណ៍ផ្សេងៗ ពីវប្បធម៌ ប្រវត្តិសាស្រ្ត អប់រំ រហូតដល់ចលនាសង្គម ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិ មិនថាប្រទេសស្ថិតក្នុងស្ថានភាពសន្តិភាព ឬសង្គ្រាម ហើយព្រឹត្តិការណ៍ទាំងនេះដែរ នឹងជំរុញស្មារតីស្នេហាជាតិ និងការចូលរួមអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។
តាមរយៈភាពជោគជ័យនេះដែរ ស.ស.យ.ក. មិនអាចកាត់ផ្តាច់ចេញពីការគាំទ្រពីគ្រប់ភាគីបានទេ ដោយក្នុងនោះរួមមានក្រសួងស្ថាប័ន ដៃគូពាណិជ្ជកម្ម អ្នកឧបត្ថម្ភ អ្នកផលិតមាតិកា និងអ្នកជំនាញជាច្រើន ដែលមានស្មារតីស្នេហាជាតិ និងយល់ច្បាស់អំពីបេសកកម្មរបស់ស.ស.យ.ក.។

ដោយឡែកឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រើឱកាសនេះ ដើម្បីសម្តែងអំណរគុណដល់ប្រជាពលរដ្ឋ និងដៃគូទាំងអស់ ដែលតែងជឿជាក់ និងសហការជាមួយស.ស.យ.ក. ក្នុងសុន្ទរកថានៅថ្ងៃទី ២៦ កន្លងទៅ ឯកឧត្តមក៏បានបញ្ជាក់ថា៖ «អ្វីដែលយើងសង្ឃឹមបំផុត គឺយើងនៅមានគ្នា-Remember, we will always have each other»































