លោក Zelenskiy និយាយ​ថា អ៊ុយក្រែន​នឹង​ទទួល​បាន​សព្វាវុធ​ដំបូង​ពីអាមេរិក​ក្រោម​យន្តការថ្មី


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែននឹងទទួលបានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងគ្រាប់រ៉ុក្កែត HIMARS នៅក្នុងកញ្ចប់ទីមួយនៃអាវុធដែលត្រូវបានបញ្ជូនក្រោមកម្មវិធីផ្តល់មូលនិធិថ្មីដែលយល់ព្រមដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន។

មកទល់ពេលនេះ អ៊ុយក្រែនទទួលបានហិរញ្ញប្បទានជាង ២ ពាន់លានដុល្លារសម្រាប់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក តាមរយៈយន្តការដឹកនាំដោយណាតូដែលហៅថា បញ្ជីតម្រូវការអ៊ុយក្រែនអាទិភាព (PURL) នេះបើយោងតាមលោក Zelenskiy ។ លោកបាននិយាយថាលោករំពឹងថាមូលនិធិដែលបានប្តេជ្ញាចិត្តសរុបនឹងឈានដល់ ៣.៥ ពាន់លានដុល្លារនៅក្នុងខែតុលា។

សម្ព័ន្ធមិត្តណាតូសង្ឃឹមថានឹងផ្តល់អាវុធចំនួន ១០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោក Zelenskiy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានសភាអឺរ៉ុប Roberta Metsola ក្នុងទីក្រុង Kyiv កាលពីថ្ងៃពុធថា កញ្ចប់ពីរដំបូងដែលមានតម្លៃ ៥០០ លានដុល្លារនឹង “ពិតជារួមបញ្ចូលកាំជ្រួចសម្រាប់ Patriot និង HIMARS” ។

HIMARS ជា​កាំភ្លើង​ធំ​បាញ់​បង្ហោះ​លើ​ដី ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ជាមួយ​រុស្ស៊ី។

គួរបញ្ជាក់ថា នៅក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកកំពុងលក់អាវុធទៅឱ្យអ៊ុយក្រែន ឬក៏ផ្ដល់ជាអំណោយនូវអាវុធដែលត្រូវបានអនុញ្ញាតដោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែប៉ុណ្ណោះ៕
(ប្រភព៖ Reuters)