|

ឯកឧត្តមបណ្ឌិត សោម រតនា៖ “ការកែទម្លាប់ ទាមទារនូវពេលវេលា និងភាពអត់ធ្មត់ខ្ពស់”


នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តសៀមរាប ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ត្រៀមឆ្ពោះទៅការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ សមាភាពចូលរួមក្នុងកិច្ចប្រជុំនៅពេលនោះរួមមាន៖ ឯកឧត្តម សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ជាគណៈមេប្រយោគ និងគណៈអប្បមាទទូទាំងប្រទេស អាជ្ញាធ័រពាក់ព័ន្ធ ប្រធាន អនុប្រធានមណ្ឌលប្រឡង និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា។

បន្ទាប់ពីបានស្តាប់នូវមតិចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ឯកឧត្តមបណ្ឌិតបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចំពោះស្មារតីនៃកិច្ចសហការនាពេលកន្លងមក និងថា ភាពជោគជ័យកន្លងមក ពិតណាស់ មិនអាចកាត់ផ្តាច់ចេញពីស្មារតីនៃកិច្ចសហការគ្នានេះបានឡើយ។ ក្រោមទិសស្លោក “អ្នកចេះ ជាប់ និងអ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត” ការប្រឡងប្រចាំឆ្នាំរបស់យើង កាន់តែមានភាពល្អប្រសើរ ជាពិសេសស្មារតីនៃការពឹងផ្អែកលើសមត្ថភាពខ្លួន របស់ប្អូនៗសិស្សានុសិស្ស។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ជាថ្មីថា ការធានាគុណភាពអប់រំ ជាភារកិច្ចរបស់យើងទាំងអស់គ្នាត្រូវបន្តចូលរួម។ នេះជាការកែប្រែទម្លាប់ ដែលការកែប្រែដូចនេះ ទាមទារនូវរយៈពេល និងភាពអត់ធ្មត់ខ្ពស់បំផុត។