|

ស្មារតីស្នេហាជាតិខ្មែរសាយភាយពីទល់ដែនមួយទៅទល់ដែនមួយគ្របដណ្ដប់ទូទាំងប្រទេស


ជាកំណត់ត្រាប្រវត្តិសាស្ដ្រសម័យទំនើបរបស់កម្ពុជា វិបត្តិជាតិម្ដងៗមិនត្រឹមតែមិនអាចធ្វើខ្មែរកាន់តែខ្សោយ បាក់ស្មារតី ឬបែកបាក់គ្នាទេ តែបែរជារុញច្រានស្មារតីស្នេហាជាតិឱ្យកាន់តែខ្ពស់ឡើងៗរហូតដល់ដំណាក់កាលកំពូលមួយក្រោមសម័យកាលសម្ដេចតេជោ ហ៊ុន សែនរហូតមកដល់សម័យកាលសម្ដេចធិបតីហ៊ុន ម៉ាណែត។

ជាក់ស្ដែង ក្នុងវិបត្តិព្រំដែនដែលថៃឈ្លានពានកម្ពុជាកាលពីពេលថ្មីៗនេះ នៅសមរភូមិជួរមុខ កម្ពុជាមិនត្រឹមតែមិនបានបាត់បង់ទឹកដីសូម្បីមួយចង្អាមតែអាចបង្ហាញឫទ្ធានុភាពនៃកម្លាំងការពារជាតិរបស់កម្ពុជា និងភាពប៉ិនប្រសព្វនៃទំនាក់ទំនងការទូតរបស់ថ្នាក់ដឹកនាំខ្មែរ។ រីឯនៅសមរភូមិជួរក្រោយ ស្មារតីស្នេហាជាតិមិនត្រឹមតែមិនរង្គោះរង្គើរ តែបែរជារឹងមាំ និងផុសផុល ដែលស្ដែងឱ្យឃើញតាមរយៈការខ្នះខ្នែងតទល់នឹងសង្គ្រាមព័ត៌មានបង្កាច់បង្ខូចពីសំណាក់ភាគីថៃ និងការសាមគ្គីរៃអង្គាសគ្នាដើម្បីគាំទ្រ និងជាជំនួយមនុស្សធម៌សម្រាប់កងទ័ពនិងជនភៀសសឹក ដោយមិនប្រកាន់សូម្បីចាប់ពីមួយកាក់មួយសេន។
 

អ្វីដែលគួរឱ្យកត់សម្គាល់ ស្មារតីស្នេហាជាតិបានរីកសុះសាយសូម្បីតាមតំបន់នៅឯព្រំដែនម្ខាងទៀតនៃប្រទេសកម្ពុជាដែលនៅឆ្ងាយពីព្រំដែនសមរភូមិផ្ទាល់។ វប្បធម៌សាមគ្គីបែបសហគមន៍ យ៉ាងស្អិតរមួតរវាងអ្នកជិតខាងតាមភូមិស្រុកបានស្ដែងឱ្យឃើញយ៉ាងច្បាស់ ជាពិសេសតាមរយៈការដឹកនាំពីព្រះសង្ឃតាមបណ្ដាវត្តអារាមនានាទោះនៅតាមចុងកាត់មាត់ញកឆ្ងាយពីតំបន់ភៀសសឹកក្ដី។

ក្នុងនោះ វត្តអង្គខ្នារឬស្សីស្រុក វត្តប្ញស្សី វត្តរបងដែក វត្តខ្នងក្រពើ និងវត្តដូនបុណ្យដែលស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត នៅឯព្រំដែនម្ខាងទៀតនៅប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយព្រះចៅអធិការ៥អង្គ និងចូលរួមគាំទ្រដោយឧបាសកឧបាសិកាប្រមាណ១០នាក់ បានចាប់ផ្ដើមរៃអង្គាសបច្ច័យជាប្រាក់កាសនិងសម្ភារៈផ្សេងៗពីពុទ្ធបរិស័ទចំណុះជើងវត្ត ស្របពេលភាពតានតឹងឡើងកម្ដៅខ្លាំងកាលពីសប្ដាហ៍មុន។ ដោយឡែក កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២៥ ព្រះចៅអធិការទាំង៥អង្គ អមដោយពុទ្ធបរិស័ទបាននិមន្ដ និងធ្វើដំណើរតាមរថយន្ដ៩គ្រឿងនាំយកបច្ច័យនិងសម្ភារៈទាំងនោះឆ្លងចម្ងាយផ្លូវប្រមាណជាង៥០០គីឡូម៉ែត្រដើម្បីនាំយកជំនួយទៅកាន់កងពលនានា និងជំរំភៀសសឹកនៅតាមព្រំដែនខ្មែរ-ថៃនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។