វិចារណកថា៖ ការអប់រំយុវជនកម្ពុជាផ្នែកសន្តិសុខសាយប័រ ឆ្លើយតបនឹងបរិវត្តកម្មបច្ចេកវិទ្យាធានារ៉ាប់រង
នៅក្នុងបរិការណ៍ “បដិវត្តន៍ឧស្សាហកម្ម ៤.០” យើងសង្កេតឃើញអំពីការធ្វើបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ ទាំងស្ថាប័នរដ្ឋ និងឯកជន។ ជាក់ស្តែង ឧស្សាហកម្មធានារ៉ាប់រង ក៏មិនខុសគ្នាពីវិស័យដទៃទៀតដែរ ដោយបាននិងកំពុងធ្វើសមាហរ័ណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។
ដោយសម្លឹងឃើញពីឥទ្ធិពលវិជ្ជមានបានមកពី បច្ចេកវិទ្យាឌីជីថល ដែលជាកត្តាលីករគន្លឹះមួយជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្ថែម បច្ចេកវិទ្យា ជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។
“បច្ចេកវិទ្យាធានារ៉ាប់រង ឬ Insurtech” ជាពាក្យកើតចេញពីការច្របាច់បញ្ចូលគ្នា រវាងពាក្យ “ធានារ៉ាប់រង ឬ Insurance” និង “Technology ឬ បច្ចេកវិទ្យា” និងត្រូវបានបណ្តុះចេញ ឬបំផុសគំនិតដោយពាក្យ “បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech” នេះបើយោងទៅលើអត្ថបទមួយ សរសេរដោយលោក Marshall Hargrave លើគេហទំព័រ Investopedia។
Corporate Finance Institute (CFI) បានឱ្យនិយមន័យ “បច្ចេកវិទ្យាធានារ៉ាប់រង” ថា ជាការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ដូចជាបញ្ញាសិប្បនិមិត្ត ការវិភាគទិន្នន័យធំ ប្លុកឆេន ការបង្រៀនម៉ាស៊ីន ក្នុងគោលបំណងកែលម្អ និងធ្វើស្វ័យប្រវត្តិកម្មឧស្សាហកម្មធានារ៉ាប់រងបែបប្រពៃណី ដើម្បីផ្តល់នូវសេវាធានារ៉ាប់រងប្រកបដោយប្រសិទ្ធភាព និងកាន់តែងាយស្រួលដល់អតិថិជន។
ស្រដៀងគ្នានេះដែរ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានបញ្ជាក់ថា “បច្ចេកវិទ្យាធានារ៉ាប់រង” សំដៅដល់ ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃបច្ចេកវិទ្យាដែលត្រូវបានប្រើនៅក្នុងឧស្សាហកម្មធានារ៉ាប់រង។ បច្ចេកវិទ្យាណាមួយ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធានារ៉ាប់រងដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃប្រតិបត្តិការរបស់ខ្លួនអាចត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាធានារ៉ាប់រង។
វិស័យធានារ៉ាប់រងនៅកម្ពុជា ចាប់ផ្តើមមានវត្តមាននៅក្នុងប្រទេសតាំងតែពីឆ្នាំ១៩៩០ ដោយក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា កាមិនកូ (Caminco Insurance) ដែលមកទល់ពេលនេះមានអាយុកាល ៣០ឆ្នាំប្លាយហើយ ប៉ុន្តែបើនិយាយអំពីសម្ទុះនៃការយល់ដឹងរបស់ប្រជាពលរដ្ឋមកលើវិស័យនេះ នៅមានកម្រិតនៅឡើយ។ ចុះទម្រាំការនាំយកអ្វីមួយដែលថ្មីចូលមកក្នុងវិស័យធានារ៉ាប់រងបន្ថែមទៀត ពោលគឺ “បច្ចេកវិទ្យាធានារ៉ាប់រង” ក្នុងបរិបទបច្ចេកវិទ្យាឌីជីថលកំពុងមានការលូតលាស់ឥតឈប់ឈរផងនោះ ច្បាស់ណាស់ថាជារឿងដ៏ពិបាកមួយនិយាយបែបទិដ្ឋភាពជារួម ទាំងអ្នកក្នុងវិស័យខ្លួនឯង និងប្រជាជនទូទៅ។
បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ថ្លែងក្នុងកម្មវិធី “Leading the Way: The Future of Bancassurance” រៀបចំឡើងដោយ AmCham Cambodia កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា “វិស័យធានារ៉ាប់រងនៅកម្ពុជា អត្រាជ្រៀតចូលធានារ៉ាប់រង ឬ ការរួមចំណែកនៃវិស័យធានារ៉ាប់រងក្នុងសេដ្ឋកិច្ចជាតិ បច្ចុប្បន្នមានតែ 1.14% តែប៉ុណ្ណោះ កំពុងឈរតំណាលគ្នា លើសក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិផង និងលើបញ្ហាប្រឈមផងគួរឱ្យកត់សម្គាល់។ អត្រានៃការជ្រៀតចូលធានារ៉ាប់រងខាងលើ ឆ្លុះបញ្ចាំងអំពី សមាមាត្រនៃ ចំនួនបុព្វលាភធានារ៉ាប់រងសរុប ទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ជាតិបានឈានដល់ចំនួនសរុប 332 លានដុល្លារអាម៉េរិក នៅក្នុងបុព្វលាភសរុបដែលប្រមូលដោយក្រុមហ៊ុនធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ 2022។”
បើទោះបី វិស័យធានារ៉ាប់រងនៅកម្ពុជា នៅមានទំហំតូចនៅឡើយ ធៀបទៅនឹងប្រទេសនៅក្នុងតំបន់យ៉ាងណាក្តី ប៉ុន្តែដោយសារការសាយភាយនៃបច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជាស្វះស្វែង ដុតដៃដុតជើង ទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាមកបម្រើនៅក្នុងវិស័យរបស់ខ្លួន តាមរយៈការបង្កើតកម្មវិធីទូរសព្ទដៃ និងគេហទំព័រជាដើម ក្នុងគោលបំណងជួយសម្រួលដល់សេវាអតិថិជន ធ្វើទំនើបកម្មប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ពិសេសការប្រកួតប្រជែងទីផ្សារ និងជំរុញវិស័យធានារ៉ាប់រងកម្ពុជាឱ្យកាន់តែមានសម្ទុះរីកចម្រើន។
សកម្មភាពយ៉ាងផុសផុលពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងនីមួយៗក្នុងប្រទេសកម្ពុជាដើម្បីដើរស្របតាមនិន្នាការទីផ្សារតំបន់ និងសកលលោក បានបង្ហាញប្រចក្សពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃបច្ចេកវិទ្យាធានារ៉ាប់រងនៅក្នុងទិដ្ឋភាពឧស្សហកម្មធានារ៉ាប់រងកម្ពុជា។ ខណៈពេលដែល “បច្ចេកវិទ្យាធានារ៉ាប់រង” ផ្តល់នូវលក្ខណៈងាយស្រួល និងប្រសិទ្ធភាពកាន់តែច្រើន ទន្ទឹមនឹងនេះ វាក៏លេចចេញនូវបញ្ហាប្រឈមថ្មីៗគួរឱ្យយកចិត្តទុកដាក់ខ្ពស់ផងដែរ ដូចជាការបំពាន ឬធ្លាយទិន្នន័យ និងសកម្មភាពក្លែងបន្លំជាច្រើនទម្រង់នៅក្នុងឧស្សាហកម្មធានារ៉ាប់រងនៅទូទាំងពិភពលោក ដូចនេះប្រទេសកម្ពុជា ចង់ឬមិនចង់ ក៏មិនអាចគេចចេញផុតពីករណីទាំងអស់នេះបានដែរ។ ការគំរាមកំហែងសុវត្ថិភាពតាមអ៊ីនធឺណិត ឬសន្តិសុខសាយប័រទាំងអស់នេះអាចបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់/អតិថិជន និងបង្ខាំងការទទួលយកដំណោះស្រាយធានារ៉ាប់រងឌីជីថល។
មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាគំរាមកំហែងផ្នែកសុវត្ថិភាពអ៊ីនធឺណិត គឺការផ្តោតលើនវានុវត្តន៍តាមរយៈការអប់រំ ជាពិសេស ការអប់រំសុវត្ថិភាពតាមអ៊ីនធឺណិត ឬសន្តិសុខសាយប័រនេះឯង។ ការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត សហការរវាងស្ថាប័នអប់រំ និងក្រុមហ៊ុនធានារ៉ាប់រង អាចជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងបរិការណ៍ការពារវេទិកាធានារ៉ាប់រងឌីជីថលរបស់ខ្លួន។ ក្នុងន័យនេះ គ្រឹះស្ថានអប់រំគួរតែសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីរៀបចំវគ្គសិក្សាដែលអាចគ្របដណ្តប់ទិដ្ឋភាពជារួមលើប្រធានបទសំខាន់ៗនៃសន្តិសុខសាយប័រ ដូចជាការគ្រប់គ្រងហានិភ័យ និងការគំរាមកំហែង ការការពារទិន្នន័យ ក្រមសីលធម៌នៃការហែក/លួចចូល (Ethical hacking) និងការឆ្លើយតបនៅពេលមានការគំរាមកំហែងណាមួយជាដើម។
ការសហការគ្នាជាដៃគូយុទ្ធសាស្ត្រ រវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនធានារ៉ាប់រង រឹងរឹតតែជាដំណោះស្រាយមួយដែលពុំអាចរំលងបាន។ លទ្ធភាពបានមកពីការចាប់ដៃគូនេះ ស្ថាប័នទាំងពីរពិចារណាផ្តល់ជាកម្មសិក្សា ឬជាគម្រោងសិក្សាស្រាវជ្រាវដើម្បីអនុញ្ញាតឱ្យនិស្សិតមានឱកាស ក៏ដូចជាទទួលបាននូវបទពិសោធន៍ជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងសុវត្ថិភាពតាមអ៊ីនធឺណិត ដែលកំពុងកើតមានជាញឹកញាប់នៅក្នុងឧស្សាហកម្មធានារ៉ាប់រង។
តំណាលគ្នានេះដែរ ក្រុមហ៊ុនធានារ៉ាប់រងខ្លួនឯង ក៏បង្កើនការយកចិត្តទុកដាក់បន្ថែមលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រ ជូនដល់បុគ្គលិកក្រោមឱវាទគ្រប់ជាន់ថ្នាក់ តាមរយៈការផ្តល់ជាវគ្គបំប៉នក្រោមទម្រង់សិក្សាពីចម្ងាយក្តី ឬសិក្សាដោយផ្ទាល់ក្តី ដើម្បីធានាថាពួកគាត់កំពុងធ្វើបច្ចុប្បន្នភាពឱ្យទាន់ទៅនឹងទំនោរ និងការអនុវត្តសុវត្ថិភាពតាមអ៊ីនធឺណិតចុងក្រោយបង្អស់។
ក្នុងបរិបទពហុប្រព័ន្ធផ្សព្វផ្សាយ ដែលមានបណ្តាញផ្សព្វផ្សាយ ឬបណ្តាញសង្គមដ៏ច្រើនសម្បូរបែប ពិតណាស់ វាបានផ្តល់ភាពងាយស្រួលមួយកម្រិត ក្នុងការពាំនាំព័ត៌មាន ក៏ដូចជាការបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយទៅកាន់សាធារណជនអំពីអត្ថប្រយោជន៍ និងគុណតម្លៃនៃសន្តិសុខសាយប័រ ធ្វើដូចនេះ វានឹងបង្កើតឱ្យមានវប្បធម៌នៃការបង្កើនការប្រុងប្រយ័ត្ន និងទំនុកចិត្តដល់អ្នកប្រើប្រាស់។
ដោយសារវិស័យធានារ៉ាប់រងកម្ពុជានៅក្មេងខ្ចី ឬវ័យចំទង់នៅឡើយ ហើយ បច្ចេកវិទ្យាធានារ៉ាប់រង ទៀតសោត ក៏ជាគំនិតថ្មី ដែលទើបតែត្រូវបានណែនាំដោយក្រសួង និងនិយ័តករ ដូចនេះ ក្នុងបរិបទដែលយើងកំពុងជជែកអំពីអ្នកឯកទេសលើផ្នែកសន្តិសុខតាមអ៊ីនធឺណិតក្នុងឧស្សាហកម្មធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ក៏នៅមានកម្រិតឥតប្រកែកបាន។ ដោយសម្លឹងឃើញពីសក្តានុពលអ្នកបន្តវេន ឬយុវជនជំនាន់ក្រោយ ដែលនឹងក្លាយជាកម្លាំងដ៏សំខាន់ធានាកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត ក្រសួងអប់រំ យុវជន និងកីឡា ពិសេសយោងលើសេចក្តីប្រកាស របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗទៀត ដើម្បីទទួលបានឱកាសការងារល្អ មានចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ សង្ខេបជារួម ការជំរុញវប្បធម៌នៃការអប់រំទៅលើចំណេះដឹង ឬជំនាញសន្តិសុខសាយប័រ គឺជាជំហានបឋមដ៏សំខាន់ ដើម្បីធានាឱ្យមានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ក្នុងឧស្សាហកម្មធានារ៉ាប់រងកម្ពុជា។ តាមរយៈយន្តការលើកទឹកចិត្តដល់យុវជន ឱ្យចាប់យក ឬក្រេបយកចំណេះដឹងមួយដ៏ត្រឹមត្រូវ នឹងធ្វើឱ្យអនាគតនាវាកម្ពុជាកាន់តែត្រចះត្រចង់ និងលឿនលយទៅមុខឥតដែនកំណត់ ពិសេសធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាពផ្នែកបច្ចេកវិទ្យាធានារ៉ាប់រង ក្លាយជាចលករដ៏ក្លៀវក្លា ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ កសាងសំណាញ់សុវត្ថិភាពសង្គម ចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងជំរុញវិស័យធានារ៉ាប់រងកម្ពុជាឱ្យកាន់តែមានសម្ទុះរីកចម្រើន៕
រូបភាព: ET CISO