ក្រោយឃើញពលរដ្ឋជាច្រើនមានជំនឿលើបារមីដ៏ខ្លាំងពូកែរបស់ព្រះធម្មវនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) ក្រសួងទេសចរណ៍ គ្រោងលើកគម្រោងទេសចរណ៍បែបជំនឿសាសនា


ក្នុងរយៈពេល៣ថ្ងៃ ប្រជាពលរដ្ឋខ្មែរប្រមាណជា២១ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេសផងនេះ បានធ្វើដំណើរចូលមកខេត្តសៀមរាប ពិសេសនៅប្រាសាទអង្គរវត្ត ដោយសារពួកគាត់មានជំនឿលើបារមីដ៏ខ្លាំងពូកែរបស់ព្រះធម្មវនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) និង ចង់ជួបព្រះភ័ក្រ្តព្រះអង្គផង ក្នុងខណៈពេលដែលព្រះអង្គគង់នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតក្នុងក្រុងសៀមរាប។

ចំនួននេះ ជាចំនួនដ៏ច្រើនលើសលប់ជាងចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងឱកាសបុណ្យប្រពៃណីផ្សេងៗទៅទៀត ដែលនេះបានសបញ្ជាក់ឲ្យឃើញថា វិស័យទេសចរណ៍បែបសាសនា ជាចលករដ៏សំខាន់ ក្នុងវិស័យទេចរណ៍នៅកម្ពុជា។

ដោយមើលឃើញនូវស្ថានភាពបែបនេះ ក្រសួងបាននឹងកំពុងគិតគូរដល់ពីវិស័យទេសចរណ៍បែបជំនឿសាសនា ដោយក្រសួងទេសចរណ៍ កំពុងលើកគម្រោងនេះឡើង ហើយក៏នៅតាមទីវត្តអារាម នៅព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលរាប់រយឆ្នាំ ក៏បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលទស្សនាកម្សាន្តផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងនៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ផ្នែកបដិសណ្ឋាកិច្ច នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រះធម្មវនវាសី ចន្ទមុនី ត្រូវបានប្រជាពលរដ្ឋជាអ្នកគោរពព្រះពុទ្ធសាសនា ចាត់ទុកថាជាអ្នកសច្ចំក្នុងព្រៃ ឬជាលោកឪសួងទី២ និងធ្លាប់គង់នៅក្នុងប្រទេសថៃអស់រយៈពេល ៦ ឆ្នាំផងដែរ ហើយត្រូវបានប្រជាជនខ្មែរ-ថៃ គោរពកោតក្រែងយ៉ាងខ្លាំងចំពោះបារមីដ៏ខ្លាំងពូកែរបស់ព្រះសង្ឃអង្គនេះ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
រូបភាព៖ Khmer note