កម្ពុជាមានម៉ាស៊ីនស្រូបទឹកពីបរិយាកាសដែលដំណើការដោយប្រព័ន្ធព្រះអាទិត្យដំបូងបង្អស់
ស្ថានីយស្រូបទឹកពីបរិយាកាសស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ស្ថានីយស្រូបទឹកពីបរិយាកាសនេះ មានសមត្ថភាពផលិតទឹកស្អាតជាអតិបរិមាបាន ៨០០លីត្រ ទៅ ២០០០លីត្រ ក្នុងមួយថ្ងៃ ក្រោមថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។
ម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា។
ក្រៅពីស្ថានីយស្រូបទឹកពីបរិយាសបំលែងទៅជាទឹកស្អាតនេះ ក្នុងភូមិសាស្ត្រភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក៏មានអាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ ១០ ០០០លីត្រ និងបង្គន់សាធារណៈ ១ខ្នង មាន ៤ បន្ទប់ ដែលរដ្ឋាភិបាល និងដៃគូរឧបត្ថម្ភ បានសាងសង់ឡើងនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
សមិទ្ធផលទាំងនេះ បានពីការចូលរួមរបស់ក្រសួងពាក់ព័ន្ធក្នុងការអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
ក្រសួងអភិវឌ្ឍជនបទ