វៀតណាមអះអាងថា ខ្លួនតែងតែចាត់ទុកសន្តិភាព និងស្ថិរភាពជាគោលដៅ ការទទួលខុសត្រូវជាបាវចនានៅពេលចូលរួមអាស៊ាន


វៀតណាម បានចូលជាសមាជិកអាស៊ានជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥។ ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ វៀតណាមខ្លួនឯងផ្ទាល់បានលើកឡើងថា ប្រទេសនេះជាតួនាទីដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍអាស៊ានទាំងមូលឱ្យបានជោគជ័យប្រកបដោយផ្លែផ្កា ហើយគោលនយោបាយការបរទេសរបស់វៀតណាមក្នុងអាស៊ានបានក្លាយទៅជាផ្នែកមួយដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាមូលដ្ឋានក្នុងយុទ្ធសាស្ត្រការបរទេសរបស់ខ្លួន។

យោងតាមឯកអគ្គរដ្ឋទូត Vu Ho ប្រមុខស្តីទីអាស៊ាន SOM វៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបាននិងកំពុងរួមចំណែកជាច្រើនក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយកត់សម្គាល់ថា ប្រទេសនេះតែងតែចាត់ទុកសន្តិភាព និងស្ថិរភាពជាគោលដៅ ទទួលខុសត្រូវជាបាវចនានៅពេលចូលរួមអាស៊ាន។

ជាមួយគ្នានេះដែរ ប្រទេសជាសមាជិកមួយនេះបានលើកឡើងថា ចាប់តាំងពីចូលរួមអាស៊ានមក វៀតណាមបានបង្ហាញពីខ្លួនឯងកាន់តែខ្លាំងឡើងថាជាសមាជិកដែលមានទំនួលខុសត្រូវ និងសកម្មនៃក្រុមក៏ដូចជាសហគមន៍អន្តរជាតិ។ ប្រទេសនេះបានលើកកម្ពស់ការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនៅក្នុងនយោបាយ សេដ្ឋកិច្ច ការទូត និងគ្រប់ទិដ្ឋភាពនៃជីវិតជាមួយប្រទេស និងអង្គការនានាជុំវិញពិភពលោក។ វៀតណាម និងប្រទេសជាសមាជិកផ្សេងទៀតបានកសាងសហគមន៍អាស៊ានយ៉ាងសកម្មពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ខណៈផ្តល់អាទិភាពដល់ការពង្រឹងការតភ្ជាប់អាស៊ាន។

ដោយឡែក វៀតណាមក៏មានទំនាក់ទំនងយ៉ាងល្អជាមួយកម្ពុជាក្នុងនាមជាមិត្តជិតខាង ជាពិសេសក្នុងឆ្នាំ២០២២នេះ ដែលកម្ពុជាជាប្រធានអាស៊ាន។ កម្ពុជា-វៀតណាម បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាជាច្រើនក្នុងគោលដៅដើម្បីបម្រើប្រយោជន៍រួម។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្នុងជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ភាគីទាំងពីរបានសម្ដែងមោទកភាពចំពោះទំនាក់ទំនងល្អប្រសើរជាមួយគ្នា ហើយប្ដេជ្ញាចិត្តកែប្រែស្ថានភាពលំបាក ចៀសវាងអរិយភាពទាំងឡាយ ដើម្បីធានាឱ្យមានសន្ដិភាព និងស្ថេរភាព​ក្នុងគោលដៅបម្រើប្រយោជន៍រួម៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ​Vietnam Plus រូបភាព៖ FORUM- ASIA